សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យរៀបចំបង្កើតក្រុមជំនុំសិក្សាស្រាវជ្រាវចងក្រងគម្ពីរយុទ្ធគុនខ្មែរបុរាណ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាជនជាតិបរទេស បានឃើញនិងបានស្គាល់ ហើយនេះក៏ជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការថែរក្សា និងអភិរក្ស ក្បាច់គុនបុរាណខ្មែរ ផងដែរ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រី​ ក្នុងពិធីបើកជាផ្លូវការ “ការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២”​នាល្ងាចថ្ងៃទី១១ កក្កដា ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ​ “ពានរង្វាន់សម្តេចធិបតី”​ ដោយបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន និងគ្រប់ទិសទី ទាំងសញ្ជាតិខ្មែរ និងបរទេស អាចចូលរួមប្រកួតបានទាំងអស់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាង​សំខាន់ ទាំង​នៅ​កម្ពុជា និង សកលលោក ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រ កាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល​​កម្ពុជា បាននិងកំពុង​យកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកីឡា ដើម្បីបង្កលក្ខណៈល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យកាន់តែខ្លាំងពូកែ ក្នុងការប្រកួតដណ្តើមយកជ័យជម្នះ ក្នុងព្រឹត្តិការណ៍កីឡាធំៗ ។ ជាក់ស្តែង ការប្រកួតយុទ្ធគុនចម្រុះ (Mix Martial Arts-MMA) នេះ បានបើកទ្វារចំហ សម្រាប់អ្នកហាត់ក្បាច់គុន ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ ដូចជា កីឡា Jujitsu, Judo, Wrestling, Boxing, Kickboxing, Karate, Taekwondo អាចចូលរួមប្រកួតបាន៕