ប្រមុខរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញារក្សាស្ថិរភាព សុវត្ថិភាព និងសន្តិសុខ សម្រាប់បណ្តាវិនិយោគិន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវស្ថិរភាព សុវត្ថិភាព និងសន្តិសុខសម្រាប់បណ្តាវិនិយោគិនដែលកំពុង​តែដំណើរការបោះទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជំនាញ ដែលបម្រើដល់វិស័យឧស្សាហកម្ម ដូចជាយានយន្ត, អេឡិចត្រូនិក, ឌីជីថល និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមការរីកចម្រើនរបស់ពិភពលោក។

សម្តេចធិបតីបានបញ្ជាក់បែបនេះ ក្នុងពេលអនុញ្ញាតឲ្យប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី លោក តាំង សិទ្ធី (Sith Tee Tan) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​នៅព្រឹកថ្ងៃទី១១ កក្កដា ២០២៤។

លោក តាំង សិទ្ធី បានគោរពជម្រាបជូនសម្ដេចធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និង គណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀត អំពីសក្ដានុពល និងកាលានុវត្តភាពនៃធុរកិច្ច និង​ការវិនិយោគរបស់កម្ពុជា, គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ, និងស្វែងរកនូវឱកាសក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា និងវិស័យឯកជននៃប្រទេសអូស្ត្រាលី ជាពិសេសលើការវិនិយោគក្នុងវិស័យកែច្នៃចំណីអាហារ និងកសិកម្ម ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់តម្លៃខ្ពស់ចំពោះតួនាទីរបស់វិស័យឯកជន ដែលជាដៃគូ និងជាប្រតិបត្តិករដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ ក្នុងន័យនេះ សម្តេចធិបតី បានគូសរំលេចថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅលើកកម្ពស់នូវជីវភាពរបស់ប្រជាជនកម្ពុជា។

ក្រៅពីនេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាក៏មានសក្តានុពលក្នុងការផ្សារភ្ជាប់ទៅទីផ្សារនៅក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយនឹងបណ្ដាប្រទេសជាច្រើន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជា ក្របខ័ណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលនេះក៏ជាឱកាសដែលមានសក្ដានុពលសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។

សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សិក្សាស្វែងយល់ពីឱកាសក្នុងការធ្វើធុរកិច្ច និងការវិនិយោគ​ លើវិស័យដែលមានសក្កានុពលសំខាន់ៗដូចជា៖ វិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ ឌីជីថល អប់រំ និងសុខាភិបាល ព្រមទាំងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយកាលានុវត្តភាពសម្រាប់ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងអូស្ត្រាលី៕