មួយរយៈចុងក្រោយនេះ ព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំ បានជន់ជោរពេញបណ្តាញទំនាក់ទំនងសង្គម ហ្វេកបុក និងបណ្តាញទំនាក់ទំនងសង្គមដទៃទៀតនៅកម្ពុជា។ ព័ត៌មានក្លែងក្លាយ និងព័ត៌មានក្លែងបន្លំ ផលិតជាវីដេអូទាំងនោះ មានប្រភពចេញពីអ្នកមានទំនោលជំទាស់រដ្ឋាភិបាល និងមួយចំនួនទៀតចេញពីប្រភពក្រុមមនុស្ស ឬជាបុគ្គល ដែលធ្វើការរកចំណូលតាមអនឡាញ (MMO) ដែលគ្មានក្រមសីលធម៌ ធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការបោកបញ្ឆោតឲ្យពលរដ្ឋចូលទស្សនា។
បញ្ហានេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្គមកម្ពុជា ធ្វើឲ្យពលរដ្ឋពិបាកបែងចែកនូវព័ត៌មានពិត ឬក្លែងក្លាយ ,បំពុលសង្គម និងធ្វើពលរដ្ឋយល់ខុស លើរដ្ឋាភិបាលឬអាជ្ញាធរ បើទោះបីជារដ្ឋាភិបាល ឬអាជ្ញាធរ អនុវត្តន៍ត្រឹមត្រូវ ឬក៏មានប្រយោជន៍សម្រាប់ជាតិក៏ដោយ។
ក្នុងចំណោមអ្នកលេងជាច្រើន គណនីហ្វេកបុក ឈ្មោះChhim Pagnaបានបញ្ចេញទស្សនផ្ទាល់ខ្លួនថាកម្ពុជាល្មមដល់ពេលមានវិធានការអនុវត្តច្បាប់ជាមួយពួកក្រុមបំពុលសង្គម ឬហៅថាពួក MMO អស់ទាំងនេះហើយ ព្រោះថា បរិយាកាសបណ្តាញសង្គមក្នុងស្រុកខ្មែរ ត្រូវបានពួកនេះបំពុលឲ្យច្របូកច្របល់រញ៉េរញ៉ៃវឹកវរជាខ្លាំង ជាក់ស្តែងដូចករណីនេះ ខាងអាជ្ញាធរអគ្គិសនី បកស្រាយអំពីបញ្ហាពាក់ព័ន្ធនឹងរឿងថាមពលសូឡា ឬថាមពលពន្លឺព្រះអាទិត្យនេះ រយៈពេល ជិត ៥០ នាទី ថែមទាំងឯកឧត្តមរដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពល លោកក៏បានបកស្រាយបន្ថែមពីលើទៀត ថាប្រជាពលរដ្ឋដែលប្រើផ្ទាំងសូឡាតាមផ្ទះរហូតដល់ទៅ ៩៥ភាគរយ នឹងមិនរងការប៉ះពាល់ពីវិធានការរបស់អាជ្ញាធរអគ្គិសនីទេ តែពួក បំពុលសង្គមបានកាត់យកការបកស្រាយរបស់អាជ្ញាធរអគ្គិសនីតែ ១០ វិនាទី មកសើចបំពុល។
លោក បន្តថា រីឯប្រជាជនវិញក៏បានដូចចិត្តទៅទៀត អត់មានចេះពិចារណា វិភាគមើលឲ្យគ្រប់ជ្រុងជ្រោយទេ គឺដឹងតែថា ចេញមកជេរប្រទេចផ្តាសា សើចចំអកឡកឡឺយដល់មន្រ្តីរាជការ ក៏ដូចជារាជរដ្ឋាភិបាល។ ខ្ញុំគ្រាន់តែជូនជាយោបល់ទេ មុននឹងយើងជឿអ្វីមួយ យើងគប្បីត្រូវស្វែងរកប្រភពនៃរឿង ឬព័ត៌មានទាំងនោះសិន ស្តាប់ហើយ មើលហើយ វិភាគដោយប្រើប្រាជ្ញា ប្រើការគិតឲ្យច្បាស់លាស់ មិនមែនងាកជឿៗ ត្រចៀកស តែស្ករ ហៃអើៗបែបនេះទេ វាជារឿងគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ខ្លួនឯង ក៏ដូចជាសង្គមជាតិទាំងមូល។
ដោយឡែក សម្រាប់លោកបណ្ឌិត យង់ ពៅ អ្នកសា្រវជ្រាវ និងជាអ្នកតាមដានស្ថានការណ៍នយោបាយ ក៏បានស្នើទៅក្រុម MMO ទាំងអស់ មុនបង្ហោះអ្វីមួយ ត្រូវគិតឱ្យបានច្បាស់ពីផលប៉ះពាល់ដល់សង្គម កុំគិតតែរឿងប្រយោជន៍ផ្ទាល់ខ្លួន កុំគិតតែរឿងលុយកាក់ពេក។ លោកបណ្ឌិត ថាគ្រប់គ្នា ត្រូវចូលរួមចំណែក ជួយដល់សង្គម។ ប្រសិនបើសង្គមយើងរីកចម្រើន យើងក៏រីកចម្រើនដែរ ហើយប្រសិនបើសង្គមយើងថ្លៃថ្នូរ យើងក៏ថ្លៃថ្នូរដែរ ៕