ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា ដែលបានប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី ៩ ខែ កក្កដានេះ។
អញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវានៅព្រឹកថ្ងៃនេះ មានវត្តមាន សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ,សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងវត្តមានរបស់ឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ក្នុងនៅព្រះរាជសន្ទរកថា ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា “រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែលអាជ្ញាធរជាតិគ្រប់ថ្នាក់ និងជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សន រួមគឺ ការចូលរួមដាំដើម ឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះ ធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ ។
ព្រះអង្គ ក៏មានព្រះបន្ទូលឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជន កម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់ យើងឱ្យបានគង់ វង្សរហូតតទៅ ។ ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ ប្រទេ សជាតិ យើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍ សម្រាប់មនុស្ស ជាតិ ទាំង អស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ ។
នៅក្នុងពិធីបុណ្យរុក្ខទិវា នៅព្រឹកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទាន ក្រាំងមាស ចំពោះរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ,ស្តេចយាងប្រោស ព្រះរាជទានកូនឈើ ដល់អភិបាលខេត្ត ចំនួន ៤ ខេត្ត រួមមានខេត្តតាកែវ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពត ,ស្តេចយាងប្រោសព្រះរាជទាន ព្រះរាជអំណោយ ដល់តំណាងតាជី-យាយជី , ជនពិការ, ប្រជារាស្ត្រខ្វះខាត ,យុវជនស្ម័គ្រចិត្តកាកបាទក្រហម, សហភាពសហព័ន្ធយុវជនកម្ពុជា ,យុវជនកាយឫទ្ធិ ,លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ,ស្តេចយាង ដាំដើមឈើ និងយាងទតពិព័រណ៍ស្តីអំពីសមិទ្ធផលកសិកម្មខេត្ត និងសកម្មភាពវិស័យព្រៃឈើផងដែរ។
គួរបញ្ជាក់ថា «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេសដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។ ទិវានេះ ត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយហៅថា «ពិធីរុក្ខទិវា» ដែលបានកំណត់ដោយព្រះរាជកិច្ច កាលពីឆ្នាំ១៩៥២។
បច្ចុប្បន្ន «រុក្ខទិវា» ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយចែងក្នុងច្បាប់ស្ដីពីព្រៃឈើឆ្នាំ២០០២ ត្រង់មាត្រា៦០ នៃជំពូកទី១២។ ក្នុងមាត្រានេះបានចែងថា ដើម្បីជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីសារៈសំខាន់ និងផលប្រយោជន៍ព្រៃឈើ ទិវាពលកម្មដាំកូនឈើ ជាប្រពៃណីជាតិហៅថា «រុក្ខទិវា» ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។