ព្រះមហាក្សត្រ ឧទ្ទិសឱ្យពិធី «រុក្ខទិវា» ក្លាយជាប្រពៃណីដាំដើមឈើ និងការការពារព្រៃឈើ និងសត្វព្រៃរហូតតទៅ

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងពិធី «រុក្ខទិវា» លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។

ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីៗរុក្ខទិវា និងសព្វព្រះរាជហប្ញទ័យ យាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានាចាប់តាំងពីសម័យ សង្គមរាស្ត្រនិយម មក ដើម្បីបំផុស និងលើកទឹកចិត្ដឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើម របស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋា ភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក។

“រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅ ប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ របស់យើង ។

ព្រះករុណា ព្រះមហាក្សត្រ យកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការ ជាតិ-អន្តជាតិ នានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើ-សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល។

ព្រះមហាក្សត្រ ឧទ្ទិសឱ្យពិធី «រុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ យើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្ស ជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។ នេះបើតាមព្រះរាជបន្ទូលរបស់ព្រះករុណាព្រះមហាក្សត្រ៕