សម្តេចធិបតី ហ៊ុន ម៉ាណែត​ ប្រកាសគាំទ្រ​វិនិយោគិន​បារាំង​ក្នុងការ​ស្វែងរ​ក​ឱកាស​វិនិ​យោគ​នៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីវេទិកាធុរកិច្ចបារាំង-កម្ពុជា ដែលប្រារព្ធធ្វើនៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីបើកវេទិកានេះ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ បានប្រកាសថា កម្ពុជា​បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍ និងគាំទ្រយ៉ាង​ពេញទំហឹងដល់វិនិយោគិននិងអ្នកធុរកិច្ចបារាំង ដែលមកស្វែងរកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បាននិងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេស និង វិនិយោគិន បារាំង ហើយតាមរយៈវេទិកាធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម រវាងប្រទេសកម្ពុជា និងបារាំង តាមរយៈការជំរុញឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដោយមានការសម្របសម្រួលប្រកបដោយអត្ថន័យរវាងក្រុមហ៊ុនបារាំង ទាំងក្នុងតំបន់ និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ថា នៅក្នុងវិស័យសេដ្ឋកិច្ច បារាំង នៅតែជាដៃគូនិងជាអ្នកវិនិយោគដ៏ធំជាងគេមួយនៅប្រទេសកម្ពុជាក្នុងចំណោមប្រទេសអឺរ៉ុប ។ ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា បារាំង បានកើនឡើងជាតិលំដាប់ ដែលមានទំហំទឹកប្រាក់ជាង ​៥០០ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងជាង២០០ លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្នុងវេទិកាធុរកិច្ច បារាំង-កម្ពុជា មានវិនិយោគិនចូលរួមសរុបចំនួន ២៨៤នាក់ ដែលមកពីបណ្តាក្រុមហ៊ុនធំៗចំនួន ១៤៦ ក្រុមហ៊ុន។ ក្នុងឱកាសនេះដែរក៏បានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការជំរុញប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសកម្ពុជា និងសហគ្រាសបារាំង ក៏ដូចជា សហគ្រាសប្រទេសនិយាយភាសាបារាំង។ និងអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ស្តីពីការគាំទ្រផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល៕ អត្ថបទ៖ ពុទ្ធិកា