៦ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។
បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការគោះទ្វារវិនិយោគ ដើរទាក់ម៉ូយមិនមែនតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដនៅក្នុងផលប្រយោជន៍សម្រាប់ជាតិរបស់យើង ដូចដែលបានបង្ហាញជាក់ស្តែងតាមរយៈទិន្ន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការងាររបស់រាជរដ្ឋាភិបាល អាទិភាពធំគឺបង្កើនការងារនៅក្នុងស្រុក តាមរយៈការខិតខំដើរទាក់ម៉ូយមកវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលអាណត្តិទី៧ ដោយរាជដ្ឋាភិបាលនឹងនៅតែបន្តដឹកនាំតាមចក្ខុវិស័យដែលសម្តេចតេជោ បានកសាងប្រទេស ៤០ឆ្នាំ ជាមួយនឹងថ្នាក់ដឹកនាំជំនាន់មុន ដែលបានកសាងប្រទេសមកបានដូចនេះ។
សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សុខសន្តិភាព និងការអភិវឌ្ឍត្រូវថែទាំឱ្យបាន ជាមួយនឹងការប្តេជ្ញាចិត្តធ្វើយ៉ាងណាឱ្យផលដែលបានត្រូវទៅឱ្យដល់ប្រជាពលរដ្ឋបានគ្រប់ទីកន្លែង ដែលមិនមែនប្រមូលផ្តុំក្នុងដៃអ្នកណាមួយនោះទេ គឺត្រូវទៅឱ្យដល់ដៃប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដែលត្រូវតែជួយឱ្យបានច្រើន៕
អត្ថបទ៖ អក្ខរា