អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់ ស្ដីពី «ការពិត» នៃសភាពការណ៍សន្តិសុខនៅកម្ពុជា ផ្ទុយស្រឡះពីរបាយការណ៍បង្កប់របៀបវារៈ «អគតិ!» ដដែលៗ។
ក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ លោក ទូច សុឃៈ បានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសជាប់លេខ១ មានឧក្រិដ្ឋខ្ពស់ជាងគេក្នុងតំបន់អាស៊ានថា មានចេតនាទុច្ចរិតផ្សេងៗ ចំពោះកម្ពុជា។ លោកទូច សុឃៈ បានអះអាងថា រាជរដ្ឋាភិបាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសន្តិសុខ និងស្ថិរភាពនយោបាយ។
លោកបានបញ្ជាក់ថា និយាយដោយឡែកតែក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តម ស សុខា តាំងពីដើមអាណត្តិពេលចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃភ្លាម លោកបានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៦ចំណុច ដែលសុទ្ធសឹងតែជាការគ្រប់គ្រងសន្តិសុខទាំងផ្ទៃក្នុងប្រទេស និងអន្តរជាតិ។
បើតាមលោក ទូច សុឃៈ, កន្លងមកមានការចេញផ្សាយរបាយការណ៍ដាក់បន្ទុកលើកម្ពុជាជាច្រើន និងក្នុងចេតនាមិនល្អ ដោយរាប់ចាប់តាំងពីបញ្ហាក្សត់ភ្ញៀវទេសចរ បញ្ហាវិនិយោគ និងបញ្ហាភូមិសាស្ត្រនយោបាយជាដើម។
របាយការណ៍ Numbeo បានចាត់ដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសជាប់លេខ ១ ក្នុងតំបន់អាស៊ានដែលមានកម្រិតឧកិ្រដ្ឋកម្មខ្ពស់ជាងគេ ខណៈសិង្ហបុរីត្រូវបានដាក់ពិន្ទុជាប្រទេសដែលមានកម្រិតឧកិ្រដ្ឋកម្មទាបជាងគេក្នុងតំបន់អាស៊ាន គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៤នេះ៕
អត្ថបទ៖ អក្ខរា