សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងគុណភាពអប់រំនៅតាមសាលាគរុកោសល្យ ជាកិច្ចការសំខាន់ណាស់ ដើម្បីធានាដល់គុណភាពអប់រំសិស្សបន្ត។ សម្តេចបានថ្លែងថា សមត្ថភាពរបស់មនុស្ស ជាកត្តាកំណត់សម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេស។ ទាល់តែមនុស្សខ្លាំង ទើបការអភិវឌ្ឍខ្លាំង។ ដូច្នេះ គុណភាពគ្រូ ជាកត្តាគន្លឹះកំណត់សមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍប្រទេស។
សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំជូនដល់គរុនិស្សិតជំនាន់ទី២ គរុសិស្សជំនាន់ទី៣១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអន្តេវាសិកដ្ឋានគ្រូ នៅថ្ងៃទី៤ ខែកក្កដា នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ទៅលើការពង្រឹងគ្រូដែលជាមូលដ្ឋានកែទម្រង់វិស័យអប់រំ។ សម្តេបានថ្លែងបន្តថា មនុស្សកំណត់អ្វីៗទាំងអស់ ដូច្នេះបើយើងមិនពង្រឹងធនធានមនុស្សហើយពង្រឹងវិស័យអប់រំ យើងដើរមិនទាន់គេទេ តែផ្ទុយទៅវិញ ការពង្រឹងធនធានមនុស្សគឺជាធនធានដែលបង្កើតធនធាន។
សូមជម្រាបថា រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា៕
អត្ថបទ៖ អក្ខរា