ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំនៅកម្ពុជា នឹងមកដល់កម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជា ។
គួរបញ្ជាក់ថា ឯកឧត្តម Wang Wenbin ត្រូវបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជំនួសលោក វ៉ាង វិនធាន (WANG Wentian)។ ឯកឧត្តម Wang Wenbin គឺជាអ្នកនយោបាយ និងអ្នកការទូតចិន ដែលលោកជាអតីតអ្នកនាំពាក្យក្រសួងការបរទេស និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងជាសមាជិកនៃបក្សកុម្មុយនិស្តចិន។ ឯកឧត្តម Wang គឺជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ចាប់តាំងពីការបង្កើតតំណែងនេះឡើងកាលពីឆ្នាំ១៩៨៣។ ឯកឧត្តម ក៏ធ្លាប់កាន់តំណែងជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ីពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ និងធ្លាប់បំពេញកិច្ចការងារនៅស្ថានទូតចិនប្រចាំប្រទេសម៉ូរីស និងប្រទេសសេណេហ្គាល់។
ឯកឧត្តម Wang Wenbin កើតនៅតំបន់ Tongcheng ខេត្ត Anhui ប្រទេសចិន ក្នុងខែមេសា ឆ្នាំ១៩៧១ ដែលបច្ចុប្បន្នលោកមានវ័យ ៥៣ឆ្នាំ។ ឯកឧត្តម បានធំធាត់ឡើង និងចូលរៀននៅវិទ្យាល័យ Nanjing Jinling។ នៅឆ្នាំ១៩៨៩ ឯកឧត្តម បានចូលរៀននៅសកលវិទ្យាល័យកិច្ចការបរទេសចិន ដែលនៅសាកលវិទ្យាល័យនេះ ឯកឧត្តម បានសិក្សាបន្ថែមនូវភាសាបារាំងបានយ៉ាងស្ទាត់ជំនាញ។ ក្រោយពីបញ្ចប់ការសិក្សា ឯកឧត្តម ត្រូវបានចាត់ឲ្យទៅបម្រើការងារនៅក្នុងក្រសួងការបរទេស។ ឯកឧត្តម មានបទពិសោធន៍បម្រើការងារក្នុងមុខតំណែងការទូតជាច្រើនរួមមាន នាយករង និងជាប្រធានការិយាល័យស្រាវជ្រាវគោលនយោបាយ, ទីប្រឹក្សានយោបាយនៃស្ថានទូតចិនប្រចាំសាធារណរដ្ឋម៉ូរីស, ទីប្រឹក្សានាយកដ្ឋានផែនការគោលនយោបាយ និងជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយ។
ឯកឧត្តម ត្រូវបានតែងតាំងដោយគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី១៣ នៃសភាប្រជាជនជាតិក្នុងខែឧសភា ឆ្នាំ២០១៨ ដើម្បីបន្តតំណែងជំនួសឯកឧត្តម Bian Yanhua ជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ី។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ក៏ត្រូវបានតែងតាំងជាអ្នកនាំពាក្យក្រសួងការបរទេស ជំនួសឯកឧត្តម Geng Shuang ដែលបច្ចុប្បន្ននេះតំណែងអ្នកនាំពាក្យក្រសួងការបរទេសចិនត្រូវផ្ទេរទៅឱ្យលោកជំទាវ Mao Ning៕