សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាអនុប្រធានកិត្តិយសទី១នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានណែនាំឲ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ធ្វើយ៉ាងណាត្រូវពង្រឹងការអប់រំឱ្យស្ត្រីបានបន្តការសិក្សាឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយគម្លាតរវាងស្ត្រីនិងបុរស យ៉ាងហោចណាស់នៅក្នុងកម្រិតថ្នាក់បរិញ្ញាបត្រ ឱ្យស្ត្រីមានការសិក្សាបានខ្ពស់ដើម្បីដឹកនាំបានប្រសើរប្រកបដោយជោគជ័យ។
ការណែនាំនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេច និងប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី នៅវិមាន៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ថាត្រូវពង្រឹងអំណាចសេដ្ឋកិច្ចគួបផ្សំនឹងអំណាចចំណេះដឹង គឺត្រូវជំរុញយ៉ាងណាឱ្យស្ត្រីដែលកំពុងដឹកនាំ ក៏ដូចជាស្ត្រីដែលកំពុងសិក្សា ឱ្យបន្តជំនាញចំណេះដឹង ខាងបច្ចេកវិទ្យា ដើម្បីឱ្យគាត់អាចគ្រប់គ្រងទាន់សភាពការណ៍។
សម្ដេចតេជោ បានសង្កត់ធ្ងន់ថា យើងត្រូវខិតខំពង្រឹងអំណាចស្ត្រីលើបញ្ហាសេដ្ឋកិច្ចដែលកំពុងតែមានវឌ្ឍនភាពនេះ ព្រោះចំនួនស្ត្រីដែលគ្រប់គ្រងនៅក្នុងសេដ្ឋកិច្ចមានចំនួន៦៤% ហើយពលករស្ត្រីក៏មានចំនួនច្រើនរហូតដល់ទៅ៧៥% ដែលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតួនាទីរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច ដែលក្នុងនេះសម្ដេចតេជោលើកឡើងថាត្រូវធ្វើការបន្ស៊ីគ្នារវាង អំណាចសេដ្ឋកិច្ច និងការអប់រំ គឺធ្វើយ៉ាងណាបង្កើនចំណេះដឹងដល់ក្រុមស្ត្រី ព្រោះតាមការសង្កេតការសិក្សានៅក្នុងបឋមសិក្សានិងមធ្យមសិក្សាគឺមិនសូវមានគម្លាតគ្នារវាងបុរស ស្ត្រី កុមារានិងកុមារី ទេ តែនៅក្នុងការសិក្សាកម្រិតឧត្តមសិក្សា ថ្នាក់បញ្ញា ឬបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ចំនួនស្ត្រីមានការថយចុះ។
ជាមួយគ្នានេះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក៏បានបញ្ជាក់ដែរថា នៅក្នុងវិស័យអប់រំយុវជននិងកីឡា មានការរីកចម្រើនដោយការយកចិត្តទុកដាក់ផ្ដល់អាហារូបករណ៍ លើកទឹកចិត្តឱ្យសិស្សនិស្សិតបានចុះឈ្មោះចូលរៀនមានកំណើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយដែលធ្វើឱ្យគម្លាតយេនឌ័រក្នុងវិស័យអប់រំនៅកម្រិតបឋមសិក្សានិងមធ្យមសិក្សាត្រូវបានលុបបំបាត់។
លោកជំទាវ បានបន្តថា ក្នុងតួលេខក្នុងឆ្នាំសិក្សា២០២២ ដល់ ២០២៣ សិស្សស្រីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន ៥៧,៧៣% ដែលក្នុងនោះសិស្សស្រីជាប់និទ្ទេសមានចំនួនដល់ទៅ៥២,៦២% តែនៅក្នុងកម្រិតឧត្ដមសិក្សា គឺចំនួនស្ត្រីបានថយចុះជាបន្តបន្ទាប់ ដែលក្នុងការសិក្សាបានបង្ហាញថាក្នុងឆ្នាំ ២០២៣ និស្សិតស្រីកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាមាន៤៥,៧៣% ហើយនិស្សិតដែលកំពុងសិក្សាមុខវិទ្យាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM មានចំនួន ៣០,៦៩% នៃចំនួននិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រក្នុងនោះនិស្សិតស្រីមានចំនួនត្រឹមតែ១៧,៧៤% ប៉ុណ្ណោះ៕ អត្ថបទ៖ ពុទ្ធិកា