ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន​និងប្រទេសជាតិទាំងមូល

រាល់ការប្រមាថព្រះមហាក្សត្រ ទោះក្នុងទម្រង់ ឬរូបភាពណាក៏ដោយ គឺប្រៀបបាននឹងការប្រមាថប្រជាជន​និងប្រទេសជាតិទាំងមូល ដែលយុវជនកម្ពុជាមិនអាចទទួលយកបាន។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការ ស.ស.យ.ក. ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣ ខែកក្ដដា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យស្វាយវៀង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងន័យនេះ មិនថាបច្ចុប្បន្ន និងទៅអនាគត​ឯកឧត្តមសូមអំពាវនាវដល់យុវជនខ្មែរជំនាន់ក្រោយ បន្តរួមគ្នាការពារ និងសូមចងចាំថាសកម្មភាពចំបងដែលយុវជនកម្ពុជាត្រូវឈឺឆ្អាល និងរួមគ្នាការពារនោះគឺ ជាតិ ដែលមានប្រជាជាតិ និងប្រជាជន សាសនា និងព្រះមហាក្សត្រ។

ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ព្រះមហាក្សត្រទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ ទោះបីព្រះមហាក្សត្រមិនកាន់អំណាចក្តី ប៉ុន្តែព្រះអង្គត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ គឺអង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ទន្ទឹមនឹងនេះ ក្រមព្រហ្មទណ្ឌកម្ពុជា ក៏បានកំណត់ទោសទណ្ឌចំពោះជនទាំងឡាយណា ដែលប្រមាថចំពោះអង្គព្រះមហាក្សត្រផងដែរ។

មាត្រា៤៣៧ស្ទួន នៃជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតិបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»៕

អត្ថបទ៖ អក្ខរា