សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ ដោយសម្រេចឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពីបទប្រមាថអង្គព្រះមហាក្សត្រនិងរួមគំនិតក្បត់។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីបើកសវនាការចំនួន ៥លើករួចមកហើយ។
សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ – KSILA ដែលអះអាងថា បានចូលស្តាប់សវនាបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះរួមមាន៖ លោកស្រី អ៊ុក រ៉េតគន្ធា ជាប្រធានក្រុមប្រឹក្សា និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញ
លោក អ៊ី សុវណ្ណ ជាចៅក្រមប្រឹក្សាលោក ថៃ គឹមមុនី ជាចៅក្រមប្រឹក្សាលោក សេង ហៀង ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងលោក ឈុន សុវណ្ណ ជាក្រឡាបញ្ជី។
ក្នុងនោះ មានការចូលរួមស្ដាប់ការប្រកាសសាលក្រមមាន៖ ស្ថានទូតសហរដ្ឋអាមេរិកស្ថានទូតបារាំងស្ថានទូតអូស្ត្រាលីស្ថានទូតអាល្លឺម៉ង់ ,EU, UNOHCR, LICADHO, ADHOC-Cambodia , និងអ្នកសារព័ត៌មាន។ ចំណែកសកម្មជនចលនាមាតាធម្មជាតិ មិនបានចូលស្ដាប់ការប្រកាសសាលក្រមទេ។
សាលក្រមបានប្រកាសសម្រេច ១. លោក អាឡិចសាន់ដ្រូ ហ្គ៊តស្សាលេស ដេវីដសុន ជាសហស្ថាបនិកអង្គការមាតាធម្មជាតិ២.លោក យីម លាងហ៊ី ៣.កញ្ញា ស៊ុន រដ្ឋា ត្រូវបានផ្ដន្ទាទោសចំនួន ០៨ ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ពីបទប្រមាថព្រះមហាក្សត្រនិងរួមគំនិតក្បត់។ ដោយឡែកសកម្មជន ៧នាក់ទៀតរួមមាន៖ ១. លោក ថុន រដ្ឋា ២.កញ្ញា ឡុង គន្ធា ៣.លោក លី ចាន់ដារ៉ាវុទ្ធ ៤.កញ្ញា ភួង កែវរស្មី ៥.កញ្ញា រ៉ី រក្សា ៦.លោក ពក ខើយ ៧.លោក បិញ ពិសិដ្ឋ ត្រូវបានផ្ដន្ទាទោសចំនួន ០៦ ឆ្នាំក្នុងពន្ធនាគារ ពីបទរួមគំនិតក្បត់។
នៅក្នុងពេលប្រកាសសាលក្រម ចៅក្រមបានប្រកាសឱ្យចាប់ខ្លួនទាំងអស់ ខណៈមានសកម្មជន ០៤នាក់ ត្រូវបានចាប់ឃាត់ខ្លួនភ្លាមៗ រួមមាន ទី១. លោក ថុនរដ្ឋា ទី២ លោក លី ចាន់ដារ៉ាវុត ទី៣ កញ្ញា ភួង កែវរស្មី ទី៤ កញ្ញា ឡុង គន្ធា៕
អត្ថបទ៖ អក្ខរា