ដង្កូវហ្វូងមិនទាន់ចប់ ឥលូវកំពុងបន្តផ្ទុះរាលដាល «រុយស» លើដំណាំស្រូវជាច្រើនខេត្តទៀតហើយ!

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីប្រកាសព័ត៌មានថ្មី ទាក់ទិននឹងការវាយលុករបស់រុយ ស មួយប្រភេទដែលបាននិងកំពុងបំំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករ។

អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា មន្ត្រីជំនាញនៃក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានចុះអន្តរាគមន៍ដោយផ្ទាល់នៅក្នុងខេត្តតាកែវអស់រយៈពេលជិត ២សប្តាហ៍រួចមកហើយ។

លោកបានបញ្ជាក់ថា «រុយស» កំពុងបន្តផ្ទុះរីករាលដាលនៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងវិសាលភាពធំទៅៗ ដែលចាំបាច់តម្រូវឱ្យក្រសួងត្រូវក្រើនរំលឹកបន្តដល់បងប្អូនកសិករឱ្យបង្កើនការប្រុងប្រយ័ត្ន។

អ្នកនាំពាក្យក្រសួងកសិកម្មបានឲ្យដឹងថា កន្លងមក រុយសធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា តែមិនដែលបានកើតឡើងលើដំណាំស្រូវនោះទេ។ តាមការសន្និដ្ឋានបឋម «រុយស»នេះអាចនឹងស្មុគស្មាញក្នុងការទប់ស្កាត់ជាងដង្កូវហ្វូង ប្រសិនបើវាពិតជារាតត្បាតទៅគ្រប់ទីកន្លែងពិតមែន ព្រោះវាអាចហោះចល័តពីមួយកន្លែងទៅមួយកន្លែង។

ក្រសួងនឹងធ្វើការជូនដំណឹង និងផ្តល់ការណែនាំបច្ចេកទេសបន្ថែមទៀត ពីវិធានការទប់ស្កាត់ និងវិធានការកម្ចាត់ជាបន្តបន្ទាប់ទៀតនៅពេលក្រោយ៕

អត្ថបទ៖ អក្ខរា