ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ក្នុងខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណជិត៥លានដុល្លារសហរដ្ឋអាមេរិក បានបើកការដ្ឋានសាងសង់ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមការងារអគ្គិសនីកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ការសម្រេចសាងសង់ពហុកីឡដ្ឋាន នៅវាលសម្តេចយសនេះឡើង គឺដោយបានការគាំទ្រអស់លទ្ធភាព ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីប្រែក្លាយទីកន្លែងមួយនេះ ពីអតីតទីតាំងសមរភូមិសង្គ្រាម ទៅជាពហុកីឡាដ្ឋាន ដែលអាចធ្វើការប្រកួតកីឡាភូមិភាគ និងជាកន្លែងជួបជុំរបស់ប្រជាពលរដ្ឋស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ និងតំបន់ភាគ ខាងលិចនៃប្រទេសផងដែរ។
ឯកឧត្តម បានបន្តថា ពហុកីឡដ្ឋាននេះ នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនសម្បូរបែប ជាពិសេសដល់យុវជន ដោយស្របតាមការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំកាយ និងកីឡា តាមរយៈការលេងកីឡា និងបំពាក់ឧបករណ៍កីឡា តាមទីសាធារណៈ ដើម្បីបំផុសលើកទឹកចិត្តប្រជាជនឱ្យស្រលាញ់កីឡា ចូលចិត្តកីឡា និងលេងកីឡា ក្រោមម្លប់នៃសន្តិភាព ដូចទិសស្លោក «កីឡានាំមកនូវសន្តិភាព» យើងមានសុខសន្តិភាព ទើបយើងលេងកីឡាបាន។
ជាមួយគ្នានេះ ប្រជាជនខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណអស់ពីចិត្តជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងខិតខំទាំងយប់ថ្ងៃដើម្បីប្រទេសកម្ពុជាដែលមានសន្តិភាព ការឯកភាពជាតិនិងការរីកចម្រើនឥតឈប់ឈរ។
គួរបញ្ជាក់ថា គម្រោងសាងសង់ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» គឺសាងសង់លើផ្ទៃដីប្រមាណ២៥ហិកតា រួមមាន តារាងបាល់ទាត់ខ្នាតធំ ២តារាង, តារាងបាល់ទាត់ខ្នាតតូច ៣តារាង, តារាងបាល់ទះ ៦កន្លែង, តារាងបាល់បោះ ៣កន្លែង, តារាងវាយសី ៤កន្លែង, Stadiumរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ ១កន្លែង, កន្លែងក្មេងលេង ១កន្លែង, កន្លែងអង្គុយលេងកំសាន្ត, កន្លែងហាត់ប្រាណ, ប៉ុស្តិ៍ប៉ូលីសយាមសុវត្ថិភាព ១កន្លែង, បន្ទប់ទឹក ៦កន្លែង, បន្ទប់ផ្លាស់ខោអាវ ១កន្លែង, ចំណតរថយន្ត ចំណតម៉ូតូ និងស្រះទឹក ៤កន្លែង៕