សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅតែបន្តដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តគាំទ្រផ្តល់ការបោះឆ្នោតឲ្យបន្តដឹកនាំប្រទេស នោះគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត ជាពិសេសដីស្រែជាលក្ខណៈគ្រួសារ។ សម្តេចធិបតីបានប្រកាសបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។

បើតាមសម្តេចនាយក, រាជរដ្ឋាភិបាលបានលើកលែងពន្ធលើការនាំចូលសម្ភារៈកសិកម្ម គ្រឿងយន្ត ឧបករណ៍កសិកម្ម កសិផល មុខទំនិញដែលជាអាហារូបត្ថម្ភសម្រាប់រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ត្រូវបានលើកលែងពន្ធអាកររហូតដល់ឆ្នាំ២០២៨ ដើម្បីធានានូវតម្លៃសមរម្យសម្រាប់ពលរដ្ឋ។ ក្រៅពីអាករលើតម្លៃនាំចូល និងផ្គត់ផ្គង់ទំនិញមួយចំនួនក៏ត្រូវបានលើកលែងដូចជា ជី ចំណីសត្វជាដើម។ល។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧ នេះមិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ។ កន្លងមករាជរដ្ឋាភិបាលអាណត្តិមុនៗ បានសម្រេចលុបចោលជាបន្តបន្ទាប់នូវប្រភេទពន្ធមួយចំនួនដូចជា ពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធតែមប្រីយ៍សារពើភណ្ឌ លើលិខិតរដ្ឋបាល លិខិតតុលាការនិង ឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តដែលមានកម្លាំងដល់១៥០សេស និងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន។

រាជរដ្ឋាភិបាលថ្មី ក៏បាននឹងកំពុងបន្តអនុវត្តជាគោលការណ៍គឺមិនយកពន្ធគឺទី១. ដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារកសិកម្ម កសិផលកសិកម្ម ពន្ធអចលនទ្រព្យតម្លៃទាបជាង១រយលានរៀល ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធលើអចលទ្រព្យ ពីឳពុកម្ដាយមកកូន យាយតាមកចៅ ប្រពន្ធនិងប្ដីសម្រាប់ឱ្យអំណោយតែមួយលើកនិងមរតក។

អាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារដ្ឋាន ដែលជាអាហារមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ចុងឆ្នាំ២០២៨ និងពន្ធលើបៀវត្សអប្បបរិមារបស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរិមារបស់កម្មករនិយោជិត ទាំងនេះគឺពន្ធដែលអាណត្តិមុនបានអនុវត្ត ហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះក៏នៅតែបន្តអនុវត្ត៕

អត្ថបទ៖ អក្ខរា