សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យនិងព្យាបាលជំងឺជូនពលរ​ដ្ឋនៅខណ្ឌពោធិ៍សែនជ័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់អោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រនៅក្នុងបរិវេណ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី អរុណវតី ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមផងពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមក្រីក្រនេះ គឺក្រុមគ្រូពេទ្យ TYDA បានពិនិត្យ និងព្យាបាលបានសរុបចំនួន ៣.២៤៨ ករណី រួមមានជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មីX , ពិនិត្យឈាម, ក្នុងនោះករណីជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ៦៧ ករណី ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានចង្អុលបង្ហាញដល់ក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលជូនពួកគាត់ ។

រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភគាំទ្រដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតផ្ទាល់ ៕

អត្ថបទ៖ ពុទ្ធិកា