បណ្តាប្រទេសនៅលើពិភពលោក ដែលមានព្រំដែនជាប់សមុទ្រ គឺ សុទ្ធសឹងទទួលផល និងទាញយកផលប្រយោជន៍ពីសមុទ្រទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានដូចជា ការយកធនធានធម្មជាតិពី បាតសមុទ្រ (មានប្រេងកាត….ជាដើម) លើសមុទ្រ(មានការនេសាទ ការចិញ្ចឹមត្រី…ជាដើម)។ ចំពោះ ប្រទេសកម្ពុជាវិញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពីអាណត្តិទី៦ រហូតមកដល់ទី ៧ ដែល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែនានា ដើម្បីទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ ដូចជា៖ ការកសាងកំពង់ផែទឹកជ្រៅខេត្តព្រះ សីហនុ ខេត្តកោះកុង និងខេត្តកំពត(ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ថ្មីៗនេះ) និងកំពង់ផែខេត្តកែប។ នេះបើតាមលោក ហៃ សុវង្ស មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងអត្ថបទស្រាវជ្រាវផ្សព្វផ្សាយនាពេលថ្មីៗរបស់ លោក ហៃ សុវង្ស ស្តីពីផលប្រយោជន៍និងបញ្ហាប្រឈមនៃប្លូអេកូនូមី(BLUE ECONOMY)ក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសចិន និង អាស៊ានក្នុងក្របខណ្ឌ RCEP (វគ្គទី១) បានឲ្យដឹងថា អ្វីដែលពិសេសជាងនេះ គឺគម្រោងសាងសង់ព្រែកជីក ហ្វូណនតេជោ ដែលជាការតភ្ជាប់ពីទន្លេដល់ សមុទ្រខេត្តកែប មានប្រវែងសរុប ១៨០ គីឡូម៉ែត្រ គឺផ្តើម ចេញពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេ បាសាក់នៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន៖ ខេត្ត កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ១.៧ ពាន់ លានដុល្លារសហរដ្ឋអាម៉េរិក។
អ្នកស្រាវជ្រាវរូបនេះបានបង្ហាញពីផលប្រយោជន៍នៃសេដ្ឋកិច្ចពណ៌ខៀវ(Benefits of the Blue Economy) ដោយបានបញ្ជាក់ថា ប្រទេសចិនទទួលស្គាល់ថា មហាសមុទ្រគឺជាប្រព័ន្ធអេកូឡូស៊ីដ៏ធំបំផុតនៅលើផែនដី លំហធម្មតានិងទ្រព្យសម្បត្តិ ដែលមិនអាចកាត់ថ្លៃបានសម្រាប់អត្ថិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់មនុស្សជាតិ ក៏ដូចជាការរស់រានមានជីវិតនៃអរិយធម៌។ មហាសមុទ្រ មានសារៈសំខាន់ចំពោះការផលិត ស្បៀងអាហារជាសកល និងការផ្គត់ផ្គង់អាហារូបត្ថម្ភ ការងារ និងសុខុមាលភាពរបស់ប្រជាជននៅតាមឆ្នេរ សមុទ្រទូទាំងពិភពលោក។
កំណើនសេដ្ឋកិច្ចពណ៌ខៀវ ជាតំបន់សំខាន់មួយសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។ ប្រទេស ចិនផ្តល់អាទិភាពដល់ការបង្កើតប្រព័ន្ធឧស្សាហកម្មសមុទ្រទំនើប ក្នុងបរិបទនៃផែនការប្រាំឆ្នាំ ទី១៤ ដែល ចាំបាច់ត្រូវតែពង្រឹងសមត្ថភាពច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអំពីសមុទ្រ ការសម្របសម្រួលកិច្ច ខិតខំប្រឹងប្រែងដើម្បីការពារ និងលើកកម្ពស់ការប្រើប្រាស់ធនធានសមុទ្រ និងការបង្កើនការវិនិយោគនៅ ក្នុងសេដ្ឋកិច្ចពណ៌ខៀវនេះ។ នេះបើតាមប្រភពស្រាវជ្រាវដដែល៕