ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងបន្តធ្វើចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរឡើយ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តម បន្តថា សមិទ្ធផលដែលជាស្នាដៃរបស់រាជរដ្ឋាភិបាលមានច្រើនអនេក ដូច្នេះយើងត្រូវចេះបង្ហាញសមិទ្ធផលទាំងអស់នោះឱ្យប្រជាពលរដ្ឋបានឃើញ និងបញ្ជ្រាបគោលនយោបាយជាតិឱ្យពួកគាត់បានយល់ដោយមិនបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ និងមួលបង្កាច់មកបំផ្លាញស្នាដៃរបស់រាជរដ្ឋាភិបាលបានជាដាច់ខាត។
សម្រាប់ឯកឧត្តម ប៉ែន បូណា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោ ហ៊ុន សែន បានលះបង់ធំធេងណាស់ និងធ្វើការងារធ្ងន់ពេកហើយសម្រាប់ប្រទេសជាតិនិងប្រជាជនទម្រាំកសាងប្រទេសបានដូចសព្វថ្ងៃ។ ចំណែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបន្តវេន ក៏មានអម្រែកយ៉ាងធ្ងន់នៅលើស្មាក្នុងការរែកពុនបន្តដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍ នាំប្រទេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ដែលជាទិសដៅប្រកបដោយមហិច្ឆតា។ ដូច្នេះ យើងត្រូវនាំគ្នាជួយបន្ធូរបន្ថយបន្ទុករបស់ថ្នាក់ដឹកនាំ ជាពិសេសក្នុងការងារព័ត៌មាននិងនាំពាក្យ។
ឯកឧត្តម ស្រី សុភ័ក្ត្រ បានសម្តែងនូវមនោសញ្ចេតនាស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ ដែលបានចំណាយពេលវេលាដ៏មមាញឹក ក្នុងការដឹកនាំ និងធ្វើជាវាគ្មិនដោយផ្ទាល់សម្រាប់ការបណ្តុះបណ្តាលនូវប្រធានបទដ៏មានសារៈសំខាន់ ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិង នាំពាក្យ» ស្របពេលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលតម្រូវឲ្យស្ថាប័នរដ្ឋគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន។
ឯកឧត្តមបន្តថា ក្រុមការងារនិងព័ត៌មាននិងនាំពាក្យខេត្តកំពង់ចាមដោយមានការចង្អុលបង្ហាញពីឯកឧត្តមអភិបាលបានធ្វើការងារយ៉ាងសកម្មដើម្បីផ្តល់ព៍ត៌មានពិតជូនដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរំពឹងថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ បានយល់កាន់តែច្បាស់ថែមទៀតអំពីការងារព័ត៌មាននិងនាំពាក្យ ដែលនឹងជួយជំរុញប្រសិទ្ធភាពនៃការងារអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់វិស័យ ឆ្ពោះទៅសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជាវាគ្មិន បានថ្លែងកោតសរសើរដល់អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានសហការជាមួយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹងប្រសិទ្ធភាពក្រុមការងារព័ត៌មាននិងអ្នកនាំពាក្យក្រោមរដ្ឋបាលខេត្តទាំងមូល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងការងារព័ត៌មាននិងនាំពាក្យ ដោយសង្កត់ធ្ងន់លើតួនាទី ភារកិច្ច និងការងារស្នូលរបស់អ្នកនាំពាក្យដែលត្រូវពាំនាំព័ត៌មានពិតឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបតាមគ្រប់មធ្យោបាយ និងត្រូវធ្វើយ៉ាងសកម្ម ទាំងការងារបុរេសកម្ម និងការពន្យល់បកស្រាយជូនប្រជាពលរដ្ឋជ្រាបអំពីការពិតក្នុងករណីដែលមានព័ត៌មានក្លែងក្លាយ បំផ្លើស បំភ្លៃកើតឡើង៕