កម្ពុជា និងម៉ាឡេស៊ី បានបង្ហាញការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កសិកម្ម ឧស្សាហកម្មម្ហូបអាហារ Halal បច្ចេកវិទ្យាព័ត៌មាន និងឌីជីថលជាដើម។
ការបង្ហាញក្តីពេញចិត្តនេះ បានស្តែងឡើងតាមរយៈជំនួបពិភាក្សាការងាររវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សាហារូឌីន ប៊ីន អន (SHAHARUDDIN BIN ONN) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញពីដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ី ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ភាគីម៉ាឡេស៊ី និងលទ្ធផលប្រកបដោយផ្លែផ្កា នៅខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតបានយល់ស្របគ្នាអំពីសារសំខាន់ក្នុងការរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី តាមពេលវេលាសមស្របសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងរិះរកវិស័យសក្តានុពលផ្សេងៗទៀតដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន អង្គការសហប្រជាជាតិ និងវេទិកាអន្តរជាតិផ្សេងទៀត ដែលប្រទេសទាំងពីរធ្លាប់មានប្រវត្តិគាំទ្រគ្នាទៅវិញទៅមក ហើយនៅតែបេ្ដជ្ញាចិត្តបន្ដការគាំទ្រជាប្រពៃណីនេះតទៅទៀត។