លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២។
ក្នុងលិខិតផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឡយ ជេម អូស្ទីន បានលើកឡើងថា សហរដ្ឋអាមេរិកនៅតែមានចំណាប់អារម្មណ៍ធ្វើការជាមួយសម្តេចប្រធាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក សង្ឃឹមថាសហរដ្ឋអាមេរិកអាចជួយកម្ពុជា ពង្រឹងសន្តិសុខរបស់ខ្លួន ទៅតាមរបៀបដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជា។
ទន្ទឹមនេះ លោកបានវាយតម្លៃខ្ពស់ចំពោះចម្លើយដ៏ស្មោះត្រង់មិនលាក់លៀមរបស់ សម្តេច ចំពោះសំណូមពរបស់លោក ហើយរដ្ឋមន្ត្រីការពារជាតិអាមេរិសង្ឃឹមថា នឹងបន្តកិច្ចពិភាក្សាអំពីមធ្យោបាយដ៏ល្អបំផុត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយលោកទន្ទឹងរង់ចាំនូវទំព័រថ្មីនេះនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរ៕