សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់អតីតយុទ្ធជន ក្នុងការវិលត្រឡប់មកបំពេញការងារ តាមរយៈតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅមូលដ្ឋាន។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រៀបចំនៅវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា គឺជាព្រឹត្តិការណ៍ជាតិមួយដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ ដើម្បីនាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។
ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យក្រសួងការងារ គិតគូរដល់អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបានណែនាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ក្នុងការរើសកម្លាំងថ្មីបំពេញបន្ថែម ត្រូវផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន ដោយត្រូវត្រូវផ្ដល់ឱកាសឲ្យកូនចៅអតីតយុទ្ធជននៅមូលដ្ឋានតែម្ដង កុំយកពីរាជធានីភ្នំពេញ ឬបណ្ដាខេត្តផ្សេងៗ។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការផ្ដល់អាទិភាពដល់កូនចៅអតីតយុទ្ធជន មិនមែនមានន័យថា យុវជនដែលជាកូនចៅប្រជាពលរដ្ឋធម្មតាមិនមានឱកាសនោះទេ ពោលនៅតែអាចដាក់ពាក្យបានដូចគ្នា។ បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់អភិបាលខេត្ត ត្រូវផ្ដល់ដីសម្រាប់កសាងស្នាក់ការសមាគមអតីតយុទ្ធជន សម្រាប់ខេត្តណាដែលមិនទាន់មានស្នាក់ការ៕