ក្រសួងធនធានទឹកនិងឧតុនិយម បានព្រមានចាត់វិធានការផ្លូវច្បាប់លើអ្នករំលោភយកដីស្ទឹងព្រែកត្នោត និងទំនប់អាងទឹក៧មករា ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ , ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
ការព្រមាននេះ ធ្វើឡើងដោយសារកាលពីពេលថ្មីៗនេះ មានជនមួយចំនួនបានធ្វើសកម្មភាពរំលោភយកដីចំណីស្ទឹងព្រែកត្នោត និង ទំនប់អាងទឹក៧មករា ខណៈដែលដីចំណីស្ទឹង និងដីអាងទឹក គឺជាទ្រព្យសម្បត្តិរដ្ឋ ដែលពុំមានបុគ្គលណាមួយអាចរំលោភបំពានបានឡើយ ទោះក្នុងរូបភាពណាក៏ដោយ។
ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងធនធានទឹកនិងឧតុនិយម បានលើកឡើងថា តាមមាត្រា៨១ នៃច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលប្រកាសឱ្យប្រើកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុង មាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ដល់ ១០លានរៀល។
ក្រសួងធនធានទឹក និងឧតុនិយម ក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមថែរក្សា ការពារទ្រព្យសម្បត្តិរបស់រដ្ឋ ជាពិសេសការការពារដីចំណីទន្លេ ស្ទឹង ព្រែក និងទំនប់ អាងទឹក ជាដើម ដែលជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ ក្រសួងក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកណ្តាល និងរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមសហការទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់លើជនដែលធ្វើ សកម្មភាពប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ នៅស្ទឹងព្រែកត្នោត និងទំនប់អាងទឹក៧មករា។
អត្ថបទ៖ ពុទ្ធិកា