រដ្ឋបាលខេត្តពោធិ៍សាត់ បានទុករយៈពេល៣០ថ្ងៃ សម្រាប់ប្រជាពលរដ្ឋចំនួន ៣១គ្រួសារ ដែលមិនទាន់យល់ព្រមចាកចេញពីតំបន់អន្ទង់អាំង ត្រូវពិចារណាសម្រេចចិត្ត ក្នុងការយល់ព្រមចាកចេញ ហើយដាក់ពាក្យ ស្នើសុំគោលនយោបាយដីធ្លី មករដ្ឋបាលខេត្តពោធិ៍សាត់។ នេះបើតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំពីតំបន់អន្ទង់អាំង ឲ្យទៅជាតំបន់បៃតងក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
តាមសេចក្តីជូនដំណឹងដដែល ថារាប់ពីថ្ងៃជូនដំណឹងនេះ ផុតកំណត់រយៈពេល៣០ថ្ងៃ នៅតែមិនព្រមសម្រេចចិត្ត រុះរើចាកចេញ ឬដាក់ពាក្យស្នើសុំគោលនយោបាយដីធ្លីទេ ការខាតបង់ផលប្រយោជន៍ផ្សេងៗរបស់ ប្រជាពលរដ្ឋជាការទទួលខុសត្រូវដោយខ្លួនឯង ព្រមទាំងត្រូវប្រឈមក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។
ដោយឡែក សម្រាប់ប្រជាពលរដ្ឋទាំង ៦៧គ្រួសារ ដែលយល់ព្រមចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ត្រូវបន្តសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីត្រៀមរុះរើចាកចេញពីតំបន់អន្ទង់អាំង ទៅទីតាំងថ្មី ដែលរដ្ឋបាលខេត្ត ទទួលបានការអនុញ្ញាតក្នុងការរៀបចំគោលនយោបាយដីធ្លី ពីរាជរដ្ឋាភិបាល ជូនទាំង ៦៧គ្រួសារ ព្រមទាំងត្រូវចូលរួមដាំដើមឈើស្តារឡើងវិញ នៅតាមចន្លោះដីដែលគ្មានដំណាំ ឬដីទំនេរដែលធ្លាប់កាន់កាប់កន្លងមក។
រីឯ សម្រាប់ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ដែលយល់ព្រមចាកចេញ ហើយទទួលបានគោលការណ៍ អនុញ្ញាតបន្តប្រមូលផលទុរេនរយៈពេលបីឆ្នាំ ដើម្បីរំលោះទុនដែលបានវិនិយោគ ដោយត្រូវចូលរួមដាំដើមឈើនៅ ចន្លោះដីដែលគ្មានដំណាំ និងមិនត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែម ប៉ុន្តែអាចកាន់កាប់ និងអាស្រ័យផលនៅ ទីតាំងថ្មីជាបណ្តោះអាសន្ន លុះត្រាបោះបង់ទីតាំងចាស់ ទើបមានសិទ្ធិស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើទីតាំងថ្មីបាន។
គួរបញ្ជាក់ថា កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងពីធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចឱ្យរៀបចំដីប្រវែង៤គីឡូម៉ែត្រនៅផ្លូវអន្ទង់អាំងនៃតំបន់ភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ទុកជាកន្លែងអភិរក្សព្រៃឈើ សម្រាប់ទេសចរណ៍គយគន់ទស្សនា។ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ កំពុងលាក់ខ្លួនបញ្ចេញសម្រស់ខៀវខ្ចីនៃរដូវវស្សា ជាទីទាក់ទាញសម្រាប់ភ្ញៀវទេសចរ៕
អត្ថបទ៖ ពុទ្ធិកា