សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ហង់ជួន ណារ៉ុន ក្នុងការអនុវត្តគោលនយោបាយឲ្យបានជោគជ័យ។
ក្នុងពិធីសម្ពោធជាផ្លូវការបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្ដុះបណ្តាលបច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចជាអ្នកដាក់ចេញនូវចក្ខុវិស័យ និងទស្សនទាន ប៉ុន្តែការអនុវត្ត និងការរៀបចំគោលនយោបាយ និងផែនការសកម្មភាព និងការដឹកនាំអនុវត្តជាក់ស្តែង គឺតម្រូវលើសេនាធិការច្បាស់លាស់។
សម្តេចបានថ្លែងថា៖ “ឯកឧត្តម ហង់ជួន ណារ៉ុន លទ្ធផលគោលនយោបាយរបស់ខ្ញុំ គឺអាស្រ័យលើឯកឧត្តម ហើយខ្ញុំជឿទុកចិត្តទៅលើក្រសួងអប់រំ និងការចូលរួមពីគ្រប់វិស័យ”។
បើតាមសម្តេចធិបតី, មកដល់ពេលនេះ ក្រសួងអប់រំបានដើរតួនាទីសំខាន់ ហើយសម្តេចជឿថា គោលនយោបាយដែលសម្តេចដាក់ចេញអាចអនុវត្តទៅបានជោគជ័យ ព្រោះមានសេនាធិការមួយរឹងមាំ និងច្បាស់លាស់ ប្រកបដោយកម្លាំងថាមពល ភាពច្នៃប្រឌិត និងបុរេសកម្ម៕
អត្ថទ៖ អក្ខរា