អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អន បានបញ្ជាក់ថា គ្មានការចាប់ខ្លួនពលករខ្មែរនៅថៃជិត ៤ពាន់នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ និងសារព័ត៌មានផ្សាយបន្តមួយចំនួននោះទេ។
លោក កត្តា អន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនាថា៖ តាមការចេញផ្សាយរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃ៥ ដល់ថ្ងៃ១២ ខែមិថុនា ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសតាមសហគ្រាសចំនួន ១៧៧៤ កន្លែងដែលប្រើប្រាស់ពលករបរទេសសរុបចំនួន ២៦ ១៨៩នាក់ ក្នុងនោះមានពលករកម្ពុជាចំនួន ៨នាក់ដែលមិនមានឯកសារគ្រប់គ្រាន់ មិនដូចការផ្សាយរបស់សារព័ត៌មានបរទេស The nation និង ត្រូវបានផ្សាយបន្តដោយសារព័ត៌មានមួយចំនួនឡើយ។
លោកបានបញ្ជាកថា ចំពោះបងប្អូនពលករ ៨ នាក់នោះ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការសម្របសម្រួល និងផ្តល់ជំនួយផ្នែកច្បាប់ទៅតាមនីតិវិធីរបស់ប្រទេសថៃ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កាសែត The Nation របស់ថៃ បានចុះផ្សាយថាពលករបរទេសជាង ២៦ ០០០នាក់ មកពីភូមា កម្ពុជា ឡាវ វៀតណាម និងប្រទេសផ្សេងៗទៀតត្រូវបានអាជ្ញាធរថៃប្រមូលចាប់ខ្លួនតែក្នុងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ។ក្នុងចំណោមពលករខុសច្បាប់ទាំងនោះ មានពលករកម្ពុជាប្រមាណ ៤ពាន់នាក់។ ពលករទាំងនោះ ត្រូវបានរកឃើញថាខ្វះឯកសារត្រឹមត្រូវ ឬគ្មានឯកសារពេញលេញក្រោយពីអាជ្ញាធរថៃចុះពិនិត្យនៅក្នុងរោងចក្រសហគ្រាសថៃទូទាំងប្រទេសចំនួនជាង ១ ៧០០កន្លែង៕
អត្ថបទ៖ អក្ខរា