សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះសម្តេចបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។
សម្តេចបានលើកឡើងថា គោលដៅរបស់របស់សម្តេច ក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្តេចត្រូវគិតគឺសុវត្ថិភាព សម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, Kakao Talk របស់កូរ៉េខាងត្បូង, Telegram របស់រុស្ស៉ី ដូច្នេះកម្ពុជាយើងមាន CoolApp។
បើតាមសម្តេចតេជោ ហ៊ុន សែន, រឿងសំខាន់មួយទៀតគឺការធានាដល់ទំនាក់ទំនងក្នុងប្រទេសរបស់យើង ក្នុងករណីបណ្តាញទំនាក់ទំនងរបស់បរទេស ជួបការរអាក់រអួលដោយប្រការណាមួយ។ ដូចនេះមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់គួរបង្កើតឲ្យមាន CoolApp ដើម្បីធានាម្ចាស់ការលើរក្សាការសម្ងាត់ផង និងការដាច់ទំនាក់ទំនងពីប្រព័ន្ធបរទេសផង។ CoolApp ប្រើប្រព័ន្ធរក្សាការសំងាត់បំផុត គឺប្រព័ន្ធ Encryption ដែលពុំអាចមើល ឬអានសាររបស់យើងទេ សូម្បីតែក្រុមហ៊ុន CoolApp ផ្ទាល់ក៏ដោយ។ យើងមិនបានហាមឃាត់ មិនឲ្យបងប្អូនឈប់ប្រើប្រព័ន្ធដែលធ្លាប់ប្រើនោះឡើយ។
សម្រាប់សម្តេចតេជោ បាននិងកំពុងប្រើ៨ប្រពន្ធ័រាប់ទាំង CoolApp ថ្មីផង ដោយសម្តេចបានសាកល្បងប្រើប្រាស់ឃើញមានភាពងាយស្រួលលើចំណុច៣គឺ៖ ១. ងាយស្រួលបង្កើតដោយមិនពិបាករកលេខកូដពីកន្លែងផ្សេង ឬរង់ចាំយូរ។ ២. បញ្ជូនសារជាអក្សរ រូបថត វីដេអូ និងសារសម្លេងបានលឿន។ ៣. ហៅនិយាយឆ្លងឆ្លើយនិង Video call បានយ៉ាងច្បាស់ល្អ។ សរុបមកវាប្រើ Internet តិចជាងប្រពន្ធ័ផ្សេងទៀត។
ចំណុចនេះជាការសាកល្បងរបស់ខ្ញុំប៉ុណ្ណោះបើបងប្អូនចង់សាកល្បងក៏សូមសាកល្បងមើលរាប់ទាំងប្អូននៅក្រៅប្រទេស ព្រោះបងប្អូនមួយចំនួនបានប្រើប្រាស់ប្រព័ន្ធនេះ ជាមួយខ្ញុំរួចហើយ។ នេះជាការលើកឡើងបន្ថែមពីសម្តេចតេជោ៕