ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃយោគយល់គ្នា ក្នុងគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និង ប្រកបដោយគុណភាព សំដៅបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យទេសចរណ៍នៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាល ភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នានេះ បានធ្វើឡើងក្រោមអធិបតីរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល មានតូនាទីក្នុងការសហការជាមួយក្រសួង ស្ថាប័នផ្សេងៗ ចំណុះអោយរាជរដ្ឋាភិបាល លើកិច្ចការងារផ្សព្វផ្សាយព័ត៌មាន ផលិតព័ត៌មាន និងកម្មវិធីមួយចំនួនរបស់ក្រសួងទេសចរណ៍ ។ កិច្ចសហការដ៏មានសារៈសំខាន់នេះធ្វើឡើងព្រោះវិស័យទេសចរណ៍ ជាវិស័យមួយចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ ដូច្នេះទាមទារអោយមានការផ្សព្វផ្សាយបានទូលំទូលាយ ពីសក្តានុពលទេសចរណ៍ ក៏ដូចជាទិសដៅទេសចរណ៍ និងផ្នែកផ្សេងៗទៀតនៅក្នុងវិស័យទេសចរណ៍ ។
ឯកឧត្ត បានបន្តថា ទោះបីកន្លងមកមិនទាន់មានការចុះអនុស្សរណៈនេះក្តី តែក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិទាំងអស់ បានធ្វើសកម្មភាពក្នុងការចូលរួមផ្សព្វផ្សាយទាក់ទងវិស័យទេសចរណ៍ មានភាពសកម្ម ដើម្បីអោយប្រជាពលរដ្ឋបានដឹងពីសក្តានុពលនៃវិស័យទេសចរណ៍នៅកម្ពុជា មានអ្វីខ្លះ ហើយអ្វីខ្លះដែលអាចទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេស ចូលមកកម្ពុជា ។
ទន្ទឹមគ្នានេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកការចុះអនុស្សរណៈនាឱកាស គឺមានសារសំខាន់ ដែលជាជំហានថ្មីមួយក្នុងការរួមចំណែកដល់ការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលតែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ព័ត៌មានជាក់លាក់ពីព្រឹត្តិការណ៍ សំខាន់ៗនៃការអភិវឌ្ឍក្នុងវិស័យទេសចរណ៍កម្ពុជាទៅដល់មជ្ឈដ្ឋានទូទៅ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ បានដាក់ចេញផែនការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដោយមានចក្ខុវិស័យច្បាស់លាស់ «ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្តៅ»។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍ក៏បានដាក់ចេញបេសកកម្មសម្រាប់ កសាងបរិស្ថាន ដែលមានលក្ខណៈអំណោយផលដល់ទេសចរណ៍កម្ពុជា ក្នុងការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពរស់រវើក ធានាបាននូវឧត្តមភាព ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន តាមរយៈការដាក់ចេញ និងជំរុញការអនុវត្តឱ្យបានពេញលេញនូវគំនិត ផ្តួចផ្តើមយុទ្ធសាស្ត្រ «បង្កើន៥ និងអភិវឌ្ឍ៣» ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអនុវត្តការងាររបស់មន្ត្រីក្រសួងទេសចរណ៍ គ្រប់លំដាប់ថ្នាក់ និងសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ដៃគូពាក់ព័ន្ធទាំងអស់ក្នុងគោលដៅបង្កើនប្រសិទ្ធភាព សុខុដុមនីយកម្មក្នុងការងារ ការសម្របសម្រួលរវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតួអង្គទាំងអស់ ដែលមានតួនាទីចូលរួម អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។ អត្ថបទ៖ ពុទ្ធិកា