សហភាពសិទ្ធិកម្មករកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើចាត់វិធានការច្បាប់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។
ក្នុងញត្តិដាក់ជូនឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំពិនិត្យការអនុវត្តសកម្មភាពនិងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។
សហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា យោងរបាយការណ៍សង់ត្រាល់ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍ស្តីពីស្ថាន ភាពសេរីភាពសហជីពឯករាជ្យកម្ពុជា នៅតែប្រឈមឧបសគ្គរារាំងហើយ ថាសង់ត្រាល់បានធ្វើការសម្ភាសន៏ ដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន១៤ នេះ មាន សហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជី ខ្មៅដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបំពេញការងាររបស់ពួកគេ ហើយក៏បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។
សហភាពសិទ្ធិកម្មករកម្ពុជា យល់ឃើញថា ខ្លឹមសារនៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិតនិងមិន មានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិប៉ះពាល់ដល់ស្ថេរភាពការងារនិងផលប្រយោជន៍ រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ របាយការណ៍នេះ មានចរឹកនយោបាយ និងញុះញុង លាបពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើនិងកំពុងបន្តធ្វើ គឺមិនបានអនុឡោមតាមច្បាប់ស្តីពីសមាគមនិង អង្គការមិនមែនរដ្ឋាភិបាល ច្បាប់ជាតិ និងលក្ខន្តិកៈរបស់ខ្លួនឡើយ។ ក្រៅពីនេះ អង្គការសង់ត្រាល់ជា អង្គការដែលបានចុះបញ្ជី នៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជាបានលួចចងក្រងបង្កើតសហជីពនៅតាមរោង ចក្រ សហគ្រាសមួយចំនួនឲ្យធ្វើសកម្មភាពអវិជ្ជមាន ដែលផ្ទុយពីលក្ខន្តិកៈរបស់ខ្លួនថែមទៀតផង។
សហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា ក្នុងនាមតំណាងកម្មករ និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថេរភាពការងារ និងផលប្រយោជន៍រួម របស់កម្មករនិយោជិត។ អាស្រ័យហេតុនេះ ស្នើសុំដល់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យក្នុង ការអនុវត្តសកម្មភាពផ្ទុយនឹងច្បាប់ និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសមិនសមស្របរបស់អង្គការសង់ត្រាល់ ដែលបង្កបញ្ហាជាអវិជ្ជមានដល់សង្គមជាតិ ជាពិសេសក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលជាវិស័យអាទិភាព នៃសេដ្ឋកិច្ចកម្ពុជា៕