សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗក្នុងការកែលម្អវិស័យសុខាភិបាលនៅកម្ពុជា ដោយជាក់ស្តែងឯកឧត្តមបានចុះទៅបំពេញទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យបង្អែកចតុមុខ ដែលឯកឧត្តមបានឃើញអំពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។
បន្ថែមលើនេះ ក្នុងទិដ្ឋភាពនៃវិស័យសុខាភិបាលក្នុងតំបន់ ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានបញ្ជាក់ថា ការចូលរួមគ្នាជាធ្លុងមួយរបស់ថ្នាក់ដឹកនាំក្នុងតំបន់ នឹងជួយទប់ស្កាត់ស្ថានភាពជំងឺដែលអាចកើតមានឡើង ជាពិសេសប្រជាពលរដ្ឋចំនួន ១,៩ ប៊ីលាននៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចនេះ នឹងអាចទទួលបាននូវសេវាសុខាភិបាលមួយ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ហើយអង្គការសុខភាពពិភពលោកនឹងចូលរួមសហការគ្នារួមទាំងកម្លាំងកាយ ហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបាននូវសុខភាពកាន់តែល្អប្រសើរ។
ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការសុខភាពពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកក្នុងការកសាងនូវប្រព័ន្ធសុខាភិបាលមួយនៅកម្ពុជា ប្រកបដោយភាពធន់ ដែននឹងផ្តល់នូវសេវាសុខាភិបាលក្នុងតម្លៃសមរម្យ និងមានគុណភាពខ្ពស់។
បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ ជាពិសេសក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពរឹងមាំ ប្រកបដោយបញ្ញាស្មារតី និងទទួលបានការអប់រំល្អប្រសើរ។
សម្តេចធិបតី ក៏បានគូសរំលេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការមន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម៕
អត្ថបទ៖ ពុទ្ធិកា