សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រជាជន កម្ពុជា និងវៀតណាមត្រូវ ចងចាំឱ្យបានច្បាស់លាស់គឺ កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្ដើម ឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងអភិវឌ្ឍប្រទេសឡើងវិញ។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា ក្នុងពិធីខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
ការប្រារព្ធខួបលើកទី ៤៧នេះ គឺក្នុងស្មារតីចងចាំជានិច្ច និងរំលឹកអំពីគំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបាន ពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហានៃយើង។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រវត្តិសាស្ត្រច្បាស់លាស់ គឺជាកត្តាចម្បងសម្រាប់ទំនាក់ទំនងរវាងប្រទេស និងប្រទេស ដូចដែលថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរ បានលើកជារឿយៗថា កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្តើម ឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាមក្នុងបុព្វហេតុ រំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរ ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងអភិវឌ្ឍប្រទេស។
សម្ដេចធិបតី បានលើកឡើងថា នេះជាសច្ចភាពនៃប្រវត្តិសាស្ត្រ ដែលប្រជាជននៃប្រទេសទាំងពីរត្រូវចងចាំ ឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រលំ តាមរយៈការបកស្រាយណាមួយដែលពុំមានមូលដ្ឋាន ប្រវត្តិសាស្ត្រច្បាស់លាស់៕