សម្តេចតេជោ ហ៊ុន សែន៖ ចូលចងចាំថា គ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ

ស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤)

តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ អតីនាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹក និងរៀបរាប់ពីរឿងរ៉ាវដែលបានជួបប្រទះកាលពី ៤៧ឆ្នាំមុន។

សម្តេចតេជោ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ទោះពេលវេលាបានកន្លងហួសរយៈពេល ៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ពិតជាខ្លោចផ្សានិងឈឺ ចាប់រកពាក្យនិយាយមិនបាន។ យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល ៤៥ឆ្នាំកន្លងមកនេះ?។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការ ដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។ ចូលចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ”។

គួរបញ្ជាក់ថា នៅថ្ងៃទី២០ មិថុនា២០២៤ នេះគឺជាខួបគម្រប់៤៧ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។ ផ្ដើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុត កាលពីថ្ងៃទី២០ មិថុនា ១៩៧៧ ជាមួយសមមិត្តស្ម័គ្រស្មោះ៤នាក់ផ្សេងទៀតនោះហើយ ទើបនាំឲ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន៕

អត្ថបទ៖ អក្ខរា