សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា សន្តិភាពមានតម្លៃជាទីបំផុត ការបំផ្លាញសន្តិភាពមិនពិបាកទេ តែការបង្កើតសន្តិភាពគឺពិបាកណាស់ ដូចនេះពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ។
ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដូចនេះបានធ្វើឡើងនៅពិធីរម្លឹកពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 នៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដឹងគុណជានិច្ច ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់ជនរួមជាតិទាំងអស់ ដែលឆ្លុះបញ្ចាំងតាមរយៈការរៀបចំព្រឹត្តិការណ៍ទិវានៃការចងចាំនេះ ជារៀងរាល់ឆ្នាំ ដើម្បីអរគុណពុកម៉ែ បងប្អូន ក្មួយៗអ្នកភូមិកោះថ្ម ដែលតែងមានការជឿជាក់ចំពោះ សម្តេចតេជោ ហ៊ុន សែន តាំងពីដើមមក ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ហើយនឹងដល់ឆ្នាំ១៩៧៧។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រារព្ធខួបលើកទី៤៧នៃដំណើរឆ្ពោះទៅរកការរំដោះជាតិនាពេលនេះ ជាស្មារតីចងចាំជានិច្ច ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និង គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់ យុទ្ធជន-យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បាននាំឱ្យកម្ពុជា អាចរំដោះមាតុភូមិដ៏កម្សត់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ប៉ុលពត និងនាំឱ្យកម្ពុជាកសាងបានសុខសន្តិភាព ស្ថិរភាពសង្គមជាតិ និង ការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ អត្ថបទ៖ ពុទ្ធិកា