ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្ដីពីសេវាបន្ថែមលើការផ្ដល់លិខិតឆ្លងដែន។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋទី១. ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្ដល់លិខិតឆ្លងដែន អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code ខាងក្រោមដើម្បីបំពេញបែបបទ៖
https://online.gdi.gov.kh/login ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួចសាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬ សាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប ផ្ដិតខ្ចៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់ជាមួយនូវពាក្យស្នើសុំ (តាមប្រព័ន្ធខាងលើ) និងឯកសារយោង។
ទី២. ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព ដែលពុំអាចធ្វើដំណើរទៅកាន់ទីតាំងផ្តល់ សេវាដោយផ្ទាល់បាន សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬ ស្ថានភាពអ្នកស្នើសុំ។ គំរូពាក្យស្នើសុំផ្តល់សេវាលិខិតឆ្លងដែនក្រៅទីតាំងផ្លូវការ មានភ្ជាប់ជូនក្នុង ឧបសម្ព័ន្ធ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងពិនិត្យចាត់ក្រុមការងារចុះផ្តល់សេវាដល់ទីតាំង របស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែម សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
និងទី៣. សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានការងារមមាញឹកខ្លាំងនៅថ្ងៃធ្វើការ អាចអញ្ជើញទៅកាន់ ទីស្នាក់ការផ្ដល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃចុងសប្ដាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដើម្បីទទួលសវា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខទូរស័ព្ទប្រចាំការសេវាអត្តសញ្ញាណកម្ម “១២៧១” រៀងរាល់ម៉ោងធ្វើការ (លើកលែងថ្ងៃឈប់សម្រាក)៕