សមាគមកាយប្ញទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិក សមាជិកាថ្មី លើកទី ៣០ បានប្រកាសបញ្ចូល សមជិកថ្មីជាង៣០០០នាក់ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ នៅដឹព្រីមៀរសែនសុខ រាជធានីភ្នំពេញ។
សមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ មានចំនួន ៣៤២៧ នាក់ មកពីសាខាសមាគមចំនួន ៣ គឺ សាខារាជធានីភ្នំពេញ សាខាខេត្តកណ្ដាល និងសាខាខេត្តមណ្ឌលគិរី ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គូសបញ្ជាក់ថា ក្នុងនាមជាអគ្គស្នងការ លោកជំទាវពិតជាមានមោទនភាពចំពោះសមាគមដែលមានវឌ្ឍនភាពដូចសព្វថ្ងៃនេះ ដោយបានបំពេញបេសកកម្មយ៉ាងខ្ជាប់ខ្ជួនលើវិថីមនុស្សធម៌នៃការអភិវឌ្ឍកុមារី និងយុវតី ដោយបានបង្កើនសមត្ថភាព បង្កើតស្នាមញញឹម និងភាពកក់ក្តៅចំពោះសមាជិកគ្រប់រូប។
ក្នុងចំណោមសមាជិក សមាជិកាថ្មី ដែលត្រូវបានសច្ចាបញ្ចូលនាពេលនេះ ក៏មានសមាជិកសកម្មដែលជា កុមារ ពិការ និងគរថ្លង់ ផងដែរ មកពីវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី និងវិទ្យាល័យអប់រំពិសេសច្បារអំពៅ។
លោកជំទាវអគ្គស្នងការសមាគម បានបន្ថែមទៀតថា នេះគឺជាលើកទីមួយហើយ ដែលសមាគមបានប្រកាសបញ្ចូល កុមារគរថ្លង់ និងមានពិការភាព ជាសមាជិករបស់សមាគម។
លោកជំទាវបានបញ្ជាក់ថា កុមារគរថ្លង់ និងមានពិការភាព គឺជាផ្នែកមួយនៃសង្គមដែលត្រូវបន្តយកចិត្តទុកដាក់ជាទីបំផុត។ ជាមួយគ្នានេះ ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹង ដល់សមាជិកពិការភាព សមាគមកាយប្ញទ្ធិនារីកម្ពុជា បាននឹងកំពុងសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធនានា ក្នុងការជួយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សមាជិកពិការភាពដើម្បីផ្ដល់ឱកាសការងារនៅក្នុងសង្គម។
សមាគមកាយឫទ្ធិនារីកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោយបាននឹងកំពុងយកចិត្តទុកដាក់នៅក្នុងការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់កុមារី យុវតីកម្ពុជា ដើម្បីចូលរួមនៅក្នុងកិច្ចការសង្គម ការសិក្សា និងការដឹកនាំជីវិតប្រចាំថ្ងៃ។ គោលការណ៍គ្រឹះ នៃសមាគមកាយឫទ្ធិនារីកម្ពុជា ការសច្ចានិងច្បាប់ បង្រួបបង្រួមកាយឫទ្ធិនារីទាំងអស់ មិនគិតពី ពណ៌សម្បុរ ជាតិសាសន៍ សាសនា វប្បធម៌ នយោបាយ និង សង្គមឡើយ។
បច្ចុប្បន្ន សមាគមកាយឫទ្ធិនារីកម្ពុជា មាន ការចូលរួមដោយស្ម័គ្រចិត្តពី កុមារី យុវតី ស្ត្រី និងប្រជាជនក្នុងសហគមន៍ទូទាំង រាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តតាកែវ ខេត្តព្រៃវែង និងពោធិ៍សាត់។ គិតមកទល់ពេលនេះ សមាជិកសកម្ម និងគាំទ្រ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា មានចំនួនកើនឡើងដល់ ៧៧១៤ នាក់ ហើយ៕
អត្ថបទ៖ ពុទ្ធិកា