ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី នៅវិមានរដ្ឋាភិបាល Istana នៃប្រទេសសិង្ហបុរី នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ។ ការប្រកាសដាក់ឱ្យដំណើរការ FTC នេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ។
ឯកឧត្តម ជៀ ដី ចាយអិន នាយកគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី មានលើកឡើងថា “ការចាប់ផ្តើមគម្រោង FTC រវាងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា និងសិង្ហបុរី នឹងគាំទ្រដល់លទ្ធភាពនៃការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្លាស់ប្តូរ ទិន្នន័យហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម នៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល FTC។ ការណ៍នេះនឹងផ្តល់កាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម និងគ្រឹះស្ថានហិរញ្ញវត្ថុដែល ចូលរួមក្នុងគម្រោង”។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានលើកឡើងដែរថា“គម្រោង FTC ជាចក្ខុវិស័យរួមរវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដើម្បីគាំទ្រលំហូរព័ត៌មានសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម តាមរយៈពង្រឹងគុណភាពទិន្នន័យហិរញ្ញវត្ថុប្រកបដោយតម្លាភាព និងទំនុកចិត្តសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុរវាងប្រទេសកម្ពុជា និងសិង្ហបុរី ដែលនឹងផ្តល់លទ្ធភាពសហគ្រាសធុនតូចនិងមធ្យមក្នុងការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរ។
ការដាក់ឱ្យដំណើរការគម្រោង FTC បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរក្នុងការផ្លាស់ប្តូរជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុ ព្រមទាំងរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
គួរបញ្ជាក់ថា ថ្ពាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានិងសិង្ហបុរី ដែលជាសមាជិកចូលរួមក្នុងគម្រោង ដើម្បីមាន លទ្ធភាពប្រើប្រាស់ទិន្នន័យសហគ្រាសធុនតូចនិងមធ្យម នៅប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយភាពងាយស្រួល ក្នុងការវាយតម្លៃឥណទានប្រសើរជាងមុន និងបង្កើនល្បឿនក្នុង ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសទាំងនោះ សំដៅជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់ សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិក និងបានតភ្ជាប់ក្នុងថ្នាលនេះ សម្រាប់ភាគីកម្ពុជារួមមាន ធនាគារអេស៊ីលីដា, ធនាគារហ្វីលីព ធនាគារស្ថាបនា ធនាគារវីង ធនាគារវឌ្ឍនៈអាស៊ីចំកាត់។ រីឯភាគីសិង្ហបុរីរួមមាន ធនាគារ ANEXT គ្រឹះស្ថាន Liquid Groupt Pte Ltd និងគ្រឹះស្ថាន Sing Investment & Finance Limited៕
អត្ថបទ៖ ពុទ្ធិកា