បណ្តាអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍មូលដ្ឋាន គាំទ្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌

សហភាពអង្គការសង្គមស៊ីវិល និងបណ្ដាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក ចេញសេចក្ដីថ្លែងការណ៍ ស្តីពី ការគាំទ្រកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ក្នុងនីតិកាលទី៧ ដែលក្រសួងយុត្តិធម៌ បានដាក់ចេញឲ្យមាននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងយុទ្ធនាការ២ គឺយុទ្ធនាការជម្រុញនិងពន្លឿនដោះស្រាយរឿងក្ដីតាមតុលាការ និងយុទ្ធនាការពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ ដែលមានសារៈប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋកម្ពុជាក្នុងវិស័យច្បាប់ទាក់ទងនឹងយុត្តិធម៌សង្គម។

ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីការគាំទ្រកំណទម្រង់ប្រព័ន្ធយុត្តិធម៌ របស់ក្រសួងយុត្តិធម៌ ក្នុងនីតិកាលទី៧ សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញក្នុងនីតិកាលទី៧នេះ ដោយបង្កើតអោយមាននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ តុលាការ និងបន្ថែមនូវយុទ្ធនាការចំនួន២សំខាន់ៗទៀតគឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាម តុលាការ ជាពិសេសពាក់ព័ន្ធនឹងសំណុំរឿងអត្រានុកូលដ្ឋាន គ្រោះថ្នាក់ចរាចរណ៍ជដើម និង យុទ្ធនាការពិនិត្យមើលភាព មិនប្រក្រតីនៅតាមតុលាការ។

សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ដែលជាសមាជិក បានឃើញនូវភាពប្រែប្រួលយ៉ាងសកម្មក្នុងវិស័យយុត្តិធម៌សង្គមរបស់កម្ពុជាពីមួយអាណត្តិទៅមួយអាណត្តិ ជាពិសេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៅតែបន្តគោលនយោបាយសំខាន់ៗ ដើម្បីដឹកនាំប្រទេសជាតិប្រកបដោយ ភាពយុត្តិធម៌សង្គមពេញលេញ នេះគឺជាអ្វីដែលបងប្អូនប្រជាពលរដ្ឋមានការគាំទ្រ និងសប្បាយរីករាយក្រៃលែងដែល រស់នៅក្នុងសង្គមមួយដោយមានថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគិតគូរអំពីសុខទុក្ខរបស់ពួកគាត់ និងអ្វីៗដែលជាទុក្ខកង្វល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ការបង្កើតអោយមាននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោយដឹកនាំដោយអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ គឺមានបេសកកម្មដោះស្រាយនូវវិវាទរដ្ឋប្បវេណី វិវាទពាណិជ្ជកម្ម និងវិវាទផ្សេងទៀតតាមរយៈការ សម្រុះសម្រួលផ្សះផ្សាវិវាទដោយផ្អែកតាមការព្រមព្រៀងរបស់ភាគីវិវាទ ឬតាមការស្នើសុំរបស់ភាគីវិវាទ ឬដែលភាគីវិវាទ យល់ព្រមទទួលយកយន្តការសម្រុះសម្រួលផ្សះផ្សាវិវាទនេះ (លើកលែងតែករណីព្រហ្មទណ្ឌ និងតាមការកំណត់ច្បាប់ ដែលមិនអាចជាកម្មវត្ថុនៃការសម្រុះសម្រួលផ្សះផ្សាបាន)។ យន្តការនេះមិនត្រឹមតែ អាចជួយកាត់បន្ថយការកកស្ទះ សំណុំរឿងនៅតុលាការ ថែមទាំងជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋចំនេញពេលវេលា និងថវិកាទៀតផងព្រោះជាការសម្រុះសម្រួលដោយពុំមាននីតិវិធីច្រើនដូចនៅតុលាការ ហើយថែមទាំងពុំបាច់ចំណាយថវិកាបង់ប្រាក់ប្រដាប់ក្តីជាដើម និងសេវាមេធាវីផ្សេងៗ ព្រមទាំងចំណាយធ្វើដំណើរចុះឡើងច្រើនដងនោះទេ។ ជាពិសេស ការដោះស្រាយវិវាទ កាន់តែកៀកប្រជាពលរដ្ឋមូលដ្ឋាន និងធានាដល់ភាពសុខដុមរមនាព្រមទាំងធានាបាននូវស្ថេរភាពសង្គមតាមរយៈការលើកកម្ពស់វប្បធម៌សន្តិភាពនិងធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តដំណោះស្រាយដែលកើតចេញមកពីការស្រុះ
ស្រួលនិងផ្សះផ្សា។

គូសបញ្ជាក់ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានចាប់ផ្ដើមទទួលពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មកម្លេះ។ និង យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការពិនិត្យមើលភាពមិនប្រក្រតីនៅតាម តុលាការ បានចាប់ផ្តើមអនុវត្តទាំងពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤៕