ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។
លើបណ្តាញសង្គមផ្លូវឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពទាំងពីរ។ ឯកឧត្តមបានបន្តថា៖ “ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ”។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងមានសមត្ថកិច្ចដែលបានខិតខំតាមចាប់ជនល្មើស ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់។
ឯកឧត្តមបានបន្តថា៖ “យើងគួរតែមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាសង្គមដែលកាន់ព្រះពុទ្ធសាសនា ដែលប្រកាន់ខ្ជាប់នូវសីលធម៌ និងខន្តី។ ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ចូលរួមលើកកម្ពស់វប្បធម៌សន្តិភាព ការអត់ឱន យោគយល់អធ្យាស្រ័យខ្ពស់ ដើម្បីសង្គមកម្ពុជាមានភាពសុខដុមរមនា និងសុភមង្គល”។
គួរបញ្ជាក់ថា នៅវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ខ្មាន់កាំភ្លើងបានចូលបាញ់មនុស្សដែលកំពុងនៅក្នុងផ្ទះបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួស នៅក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅផ្ទះលេខ ២៦ ផ្លូវ P10F គម្រោង ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបន្ទាប់ពីបានធ្វើសកម្មភាពរួច។ ករណីឃាតកម្មនេះ បានបណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងម្នាក់រងរបួស។
ប្រហែល២ម៉ោងក្រោយ គឺនៅម៉ោង ៦ល្ងាច សមត្ថកិច្ចតាមចាប់បានជនល្មើស ដែលបានរត់គេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនដៃដល់ ឈ្មោះ ស្រី ស៊ីណា មានងារជា ឧកញ៉ា ហើយបានសារភាពថា ដោយសារទប់កំហឹងមិនជាប់ បានដកកាំភ្លើងបាញ់ជនរងគ្រោះ ដែលជេរប្រមាថខ្លួន ដោយសារតែរឿងដាក់ស្នួរហាលខោអាវ នៅផ្ទះជិតខាងគ្នាក្នុងបុរីប៉េងហួត៕
អត្ថបទ៖ អក្ខរា