សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។ អញ្ជើញអមដំណើរ សម្តេចធិបតី ទៅបំពេញទស្សនកិច្ច រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពី សភាពាណិជ្ជកម្មកម្ពុជា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ ថា អំឡុងពេលបំពេញទស្សនៈកិច្ចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ។ ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុង ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈ ដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថានឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយ គម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ ផងដែរ ។
ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តម ថាមេន ស្ហ្សានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និង ឯកឧត្តម លី សៀនឡុង ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។
ជាមួយគ្នានេះ សម្តេចធិបតី នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា។ សម្តេចធិបតី ក៏នឹងអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និង មជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ុនធឺណិត (Electronics and Internet of Things) ព្រមទាំងអញ្ជើញទស្សនាអាគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel (Keppel’s Infrastructure@Changi)ផងដែរ៕
អត្ថបទ៖ ពុទ្ធិកា