អតីតយុវជនដែលបានធ្លាប់ធ្វើការងារជាមួយលោកអេឡិច លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ជនជាតិអេស្ប៉ាញ និងអង្គការមាតាធម្មជាតិ បានទម្លាយឧបាយកលរបស់លោកអាឡិច ក្នុងការទាក់ទាញយុវជនឲ្យចូលរួមក្នុងធ្វើការងារនយោបាយ និងប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ក្រោមរូបភាពធ្វើកិច្ចការងារសង្គម។
ក្នុងឃ្លីបវីដេអូរបស់សមាគមក្រុមការងារ១០០រាត្រី 100NTs ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ លោក យឺន ឌីនិត អតីតសមាជិកអង្គការមាតាធម្មជាតិ ដែលធ្លាប់ធ្វើការជាមួយលោក អាឡិច តាំងពីឆ្នាំ២០១៥ បានលើកឡើងថា សកម្មភាពដែលលោកបានចូលរួមជាមួយអាឡិចកន្លងមក មិនបានជួយអ្វីដល់សហគមន៍ រដ្ឋាភិបាល ឬប្រទេសជាតិនោះទេ ដែលជាសកម្មភាពដែលប្រឆាំងទៅនឹងការអភិវឌ្ឍ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់។
លោកបានទម្លាញថា លោក អាឡិច និងក្រុមរបស់ខ្លួន បានប្រជុំជាមួយយុវជនហើយឲ្យអានសៀវភៅមួយចំនួនទាក់ទងនឹងវិធីសាស្ត្របាតុកម្មតវ៉ា។ លោកថា អាឡិចបានបញ្ចុះបញ្ជូលយុវជនដែលមិនសូវដឹង មិនសូវយល់ពីសង្គម ដើម្បីធ្វើសកម្មភាពដើម្បីប្រឆាំងជាមួយអាជ្ញាធរ ហើយយុវជនមួយចំនួនដែលជឿតាមការញុះញង់មួយចំនួនបានរងគ្រោះ និងមួយចំនួនបានរត់ចោលស្រុក។
ចំណែកលោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ ដែលធ្លាប់ចូលរួមជាមួយអាឡិច បានលើកឡើងថា សៀវភៅមួយចំនួនដែលលោកអាឡិចឲ្យអាន គឺពាក់ព័ន្ធនឹងការតស៊ូមតិប្រឆាំងរបបកម្មុយនីយ ប្រឆាំងរបបផ្តាច់ការជាដើម ហើយអាឡិច បានប្រើវិធីសាស្រ្តគ្រប់គ្រងដោយប្រើមនោគមវិជ្ជាមកលើយុវជនដែលមានស្មារតីជាតិនិយមស្រឡាញ់បរិស្ថាន ដើម្បីដើរតាមផ្លូវនយោបាយទុច្ចរិតរបស់ខ្លួន។
លោក ជុំ ហួត និងលោកជុំ ហួរ សមាគមន៍អ្នកស្រលាញ់បរិស្ថាន និងសង្គម បានលើកឡើងថា លោកអាឡិចបានអូសទាញពួកលោកមកធ្វើការជាមួយ ក្រោមរូបភាពការពារធនធានធម្មជាតិ តែធាតុពិតដើម្បីប្រឆាំងរដ្ឋាភិបាលក្នុងផលប្រយោជន៍ដើម្បីបដិវត្តន៍ ញុះញង់ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ស្រដៀងគ្នាដែរ លោក មួង សូនី អតីតសកម្មជនមាតាធម្មជាតិ បានទម្លាញថា លោកអាឡិចបានមាការលាក់កំបាំងនូវគោលបំណងរបស់គាត់ជាក់ស្តែពិតប្រាកដអំពីការងារបរិស្ថានរបស់គាត់ តែមិនបង្ហាញឲ្យគេឃើញនោះទេ អ្វីដែលអាឡិចចង់បានបំផុតគឺការផ្សាយអាក្រក់ពីរដ្ឋាភិបាល ហើយនឹងការចូលរួមបាតុកម្មរបស់សហគមន៍ និងយុវជនដែលគាំទ្រសកម្មភាពរបស់គាត់។
អតីតអ្នកធ្លាប់ដើតាមលោកអេឡិចទាំងនេះ បានអំពាវនាវដល់យុវជនសូមពិចារណាឲ្យបានល្អិតល្អន់ចំពោះការចូលរួមសកម្មភាពជាមួយក្រុមលោកអាឡិច ហើយសូមដកខ្លួនចេញ ងាកចេញពីសកម្មភាពខុសច្បាប់ ហើយចូលរួមជាមួយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍ និងថែរក្សាសន្តិភាព។ អ្វីដែលយុវជនអាចចូលរួមជួយសង្គមបាន តាមរយៈសកម្មភាពសង្គមដូចជា ការរើសសំរាម ការជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដាំដើមឈើ ការបង្រៀនតាមសហគមន៍ និងមានរូបភាពជាច្រើនទៀតដែលអាចជួយសង្គមបាន។
សូមបញ្ជាក់ថា លោក អាឡិចហ្សដ្រូ ហ្គន់ហ្សេលេស ដេវីតសុន (Alejandro GonZalez Davidson) ជនជាតិអេស្ប៉ាញ ប្រធានចលនាមាតាធម្មជាតិ បានចូលមករស់នៅកម្ពុជាតាំងពីឆ្នាំ២០០៦មក ហើយលោកអាចនិយាយភាសាខ្មែរបានស្ទាត់ជំនាញ។ លោកត្រូវបានបណ្តេញចេញពីទឹកដីកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៥ ដែលជាការបណ្តេញគ្មានថ្ងៃវិលត្រលប់ចូលកម្ពុជាវិញបានទេ៕
អត្ថបទ៖ អក្ខរា