ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា «ភាគលាភប្រជាសាស្ត្រ» ដែល កម្ពុជាមានប្រជាជនក្នុងន័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុង ចន្លោះឆ្នាំ២០២៣-២០២៨។ នេះបើការឲ្យដឹងក្នុងសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជាមួយការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធី គោលនយោបាយអាទិភាពក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត បច្ចេកទេសនិងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ ដែលកម្មវិធី នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដមុន ចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួន។
តាមរយៈកម្មវិធីនេះ យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត នឹងមានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបមើ ការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវ ស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់ន ភាពក្រីក្រ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទី៣ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% និងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។
បើតាមសម្តេចប្រមុខរាជរដ្ឋាភិបាល ការដាក់ចេញនូវកម្មវិធីគោលនយោបាយពាក់ព័ន្ធ និងការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បាននិងកំពុងជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មពឹងផ្អែកលើជំនាញ ព្រមទាំងពង្រឹងភាពប្រកួតប្រជែង ធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន សំដៅចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០៕