នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាខួបទី៦២ ដែលតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេបានសម្រេចឲ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ ប្រាសាទព្រះវិហារ មិនត្រឹមតែតុលាការអន្តរជាតិ កាត់ក្តីឲ្យខ្មែរបានទទួលមកជាអច្ឆរិយវត្ថុរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអង្គការ UNESCO បានចុះបញ្ចូលទៅក្នុងបញ្ជីនៃបេតិកភ័ណរបស់ពិភពលោកទៀតផង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែតបានអបអរសាទរ ខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៤។
កាលពីថ្ងៃទី៦តុលា១៩៥៩ រដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យបណ្ដឹងទៅតុលាការអន្ដរជាតិ (Cour Internationale de Justice/International Court of Justice)។ ពាក្យបណ្ដឹងកាលនោះមានជាង១០ទំព័រ។
ក្រោយពីបានបង្ហាញអំពីមូលហេតុសព្វគ្រប់ ពាក្យបណ្តឹងបានស្នើសុំឱ្យតុលាការធ្វើការវិនិច្ឆ័យដូចតទៅ៖ ទី១. ស្នើឱ្យរាជាណាចក្រថៃដកកម្លាំងប្រដាប់អាវុធរបស់ខ្លួនដែលចូលមកកាន់កាប់ប្រាសាទព្រះវិហារ តាំងពីឆ្នាំ១៩៥៤នោះ ចេញពីប្រាសាទព្រះវិហារ និងទី២. ស្នើថា អធិបតេយ្យភាពដែនដីលើប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់រាជាណាចក្រកម្ពុជា។ ពាក្យបណ្ដឹងនោះមានភ្ជាប់នូវឯកសារ«ឧបសម្ព័ន្ធ» ជាច្រើន ហើយឧបសម័ន្ធដែលសំខាន់ជាងគេបំផុតនោះគឺ «ផែនទីដែលរៀបចំឡើងដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម» ដែលហៅថា “ផែនទីឧបសម្ព័ន្ធ១” (Annex I Map)។
តុលាការបានកំណត់ថា នៅតំបន់ប្រាសាទព្រះវិហារព្រំដែនស្របច្បាប់រវាងកម្ពុជា និងថៃ គឺព្រំដែនដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១។តាមរយៈខ្សែបន្ទាត់ព្រំដែននេះ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានសម្រេចសេចក្តីថា៖ ប្រាសាទព្
រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា, ថៃត្រូវតែដកកងទ័ពប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជាហើយថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទ ចាប់តាំងពីឆ្នាំ១៩៥៤ មកឲ្យកម្ពុជាវិញ។
រឿងក្ដីទាក់ទងទៅនឹងប្រាសាទព្រះវិហារប្រព្រឹត្ដទៅអស់រយៈពេលជិត៣ឆ្នាំ ហើយនៅទីបញ្ចប់នៅថ្ងៃទី១៥ មិថុនា ១៩៦២ តុលាការអន្ដរជាតិក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យប្រទេសកម្ពុជាទទួលជ័យជម្នះ៕