អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ប្រសិនបើរកឃើញ ត្រូវចាត់វិធានការច្បាប់។ ការណែនាំ នេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយនឹងអាជ្ញាធរខណ្ឌនិងគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង ក៏កំណត់នៅទីតាំងផ្ញើ កង់ ម៉ូតូ ដាច់ខាតត្រូវតែដាក់តារាងតម្លៃឲ្យបានច្បាស់ លាស់ ដោយសរសេរអក្សរនៅទីតាំងនោះ ។ អ្នកវិនិយោគលើភាស៊ីទាំងអស់ត្រូវប្រជុំជាមួយភ្នាក់ងាររបស់ខ្លួន ដើម្បីឲ្យពួកគេអនុវត្តទៅតាមសៀវភៅបន្ទុក ហើយភ្នាក់ងារយកភាស៊ីទាំងអស់ត្រូវមានស្លាកឈ្មោះ ឯកសណ្ឋានត្រឹមត្រូវ។
ឯកឧត្តម ឃួង ស្រេង បានចាត់ទុកថា ការយកថ្លៃភាស៊ីលើសពីក្នុងសៀវភៅបន្ទុក ប្រៀបស្មើនឹងការចាប់ជំរិត ហើយក្រុមហ៊ុនយកភាស៊ី នោះនឹងប្រឈមមុខជាមួយច្បាប់ និងមិនអាចអនុញ្ញាតឲ្យចូលរួមដេញថ្លៃលើកក្រោយទៀតនោះឡើយ។ សម្រាប់អាណត្តិទី៧នេះ ត្រូវតែអនុវត្តការងារនេះឲ្យបានតឹងរ៉ឹងបំផុត ដោយអ្នកល្មើសនឹងមានទោសទណ្ឌ។
ឯកឧត្តម ក៏បានណែនាំ ដល់ គណកម្មការផ្សារ អាជ្ញាធរខណ្ឌ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវត្រួតពិនិត្យជាប្រចាំ និងប្រជុំរាល់ខែ ប្រសិនក្នុងករណីយកលើសពីសៀវភៅបន្ទុក អាជ្ញាធរនិងលុបកិច្ចសន្យានោះចោលតែម្តង ហើយបើពិនិត្យឃើញថា បុគ្គលអ្នកយកភាស៊ី នោះបានល្មើសនិងការយកលុយលើសសៀវភៅបន្ទុក នឹងប្រឈមមុខនិងការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ៕ អត្ថបទ៖ ពុទ្ធិកា