សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដឹកនាំ និងការកសាងប្រទេសត្រូវការធនធានមនុស្សដែលរស់រវើក ហើយធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឲ្យប្រទេសអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។ ការលើកឡើងរបស់សម្តេចធិបតី ដូចនេះ បានធ្វើឡើងនៅក្នុងពិធី «ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យលីមកុកវីងប្រមាណ ៥៣០នាក់» នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ធនធានមនុស្សធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេស មានចីរភាព និងមាននិរន្តភាព, អាចឱ្យប្រទេសមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងនៅក្នុងបរិបទសកលភាវូបនីយកម្ម ,ធ្វើឱ្យប្រទេសយើងអាចចាប់ឱកាសនិងកាត់បន្ថយគម្លាតជាមួយប្រទេសផ្សេងបាន និងឯករាជ្យភាព។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ស្នើឲ្យក្រសួងអប់រំ យុវជន និង កីឡា, ដៃគូអភិវឌ្ឍ, វិស័យឯកជន និងគ្រប់អង្គ- ភាពពាក់ព័ន្ធ សហការ និងបន្តលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យ កាន់តែល្អប្រសើរ តាមរយៈការធ្វើទំនើបកម្មអភិបាលកិច្ចគ្រប់គ្រង, ការផ្តល់សេវាបង្រៀនប្រកប ដោយគុណភាពខ្ពស់, និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាព ជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាសសរទ្រូងដ៏រឹងមាំ និងពោរពេញដោយសមត្ថភាព៕