ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ឲ្យមន្តី្ររាជ​ការក្នុងខេត្តកំ​ពង់ស្ពឺ បន្តផ្តល់សេវាសាធារ​ណៈជូនដល់​ពលរដ្ឋឱ្យកា​ន់តែល្អ​​ប្រសើរ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាខេត្តថ្មី ក៏ដូចជាមន្ត្រីមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើននូវអភិបាលកិច្ចល្អ រួមជាមួយនឹងការបន្តផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ឆ្នាំ២០២៤ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើរ ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តថា “ក្នុងនាមជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត ទោះបីមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែក្រុមប្រឹក្សាទាំងអស់ គឺសុទ្ធតែជាអ្នកខេត្តកំពង់ស្ពឺ តំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវខិតខំរួមគ្នាដើម្បីផល ប្រយោជន៍ និងភាពរីកចម្រើនសម្រាប់ខេត្ត និងជាពិសេសប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល។”

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ពិតណាស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោត ទោះដោយផ្ទាល់ក្តី ឬមិនផ្ទាល់ក្តី គឺជាផ្នែកមួយនៃអង្គនីតិប្រតិបត្តិ និង មានស្វ័យ​ភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ហេតុនេះ ក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំង អស់ឱ្យបានស្មើៗគ្នា មានតម្លាភាព គណ​នេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិន ត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តថ្មីដែលទើបទទួលបាន​ភារ​កិច្ចថ្មីទាំង២៥រូបផងដែរ៕ អត្ថបទ៖ ពុទ្ធិកា