ក្រសួង​សុខាភិបាល ក្រើនរំលឹកឲ្យពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជាមួយ​ជំងឺផ្តាសាយ​​​និងជំងឺកូវីដ-១៩

ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមរយៈប្រព័ន្ធតាមដានជំងឺផ្តាសាយ និងប្រព័ន្ធតាមដានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ នៅកម្ពុជា បានរកឃើញថាមានការកើនឡើងនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ក្នុងអំឡុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២៤ ដែលមានលក្ខណៈស្របគ្នាទៅនឹងការកើនឡើងនូវជំងឺទាំងនេះនៅក្នុងបណ្តាប្រទេសជាច្រើន តំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និងបណ្តាប្រទេសជិតខាងកម្ពុជា។

ដោយឡែក ការធ្វើតេស្តវិភាគ (PCR Test) ដើម្បីកំណត់អត្តសញ្ញាណប្រភេទ និងអនុក្រុមវីរុស (Virus Seque​nci​ng) ដោយ​វិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរកឃើញអនុក្រុមវីរុសកូវីដ-១៩ បំប្លែងខ្លួន ដែលស្ថិតក្នុងក្រុមត្រូវចាប់​អារម្មណ៍និងប្រុងប្រយ័ត្ន (Variant of Interest (VOI)) តែមិនមែនជាអនុក្រុមដែលជាការព្រួយបារម្ភ (Variant of Concern (VOC)) ដែលនឹងធ្វើឱ្យមានការសម្រាកនៅមន្ទីរពេទ្យច្រើននោះទេ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានណែនាំឲ្យអនុវត្តនូវវិធានការបង្ការមួយចំនួន រួមមាន ប្រកាន់ខ្ជាប់អនាម័យ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល, នៅពេលក្អកកណ្តាស់ ត្រូវខ្ទប់មាត់ដោយពាក់ម៉ាស ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ និងមិនត្រូវ ខាកស្តោះពាសវាលពាសកាល, ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាក ដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។

ក្រសួងសុខាភិបាល ក៏ណែនាំឲ្យប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដួស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំបង្ការការឆ្លងជំងឺកូវីដ-១៩។ ប្រសិនបើមាន​រោគ​ស​ញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា ឬទូរស័ព្ទមកកាន់លេខ ១១៥ ដើម្បីទទួលបានការណែនាំ និងពិគ្រោះយោបល់។ ប្រសិនធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារ រហូតដល់គ្មានរោគសញ្ញាជំងឺ។ឮ៕

អត្ថបទ៖ ពុទ្ធិកា