ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masatsugu Asakawa បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២) ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង (៣) ការគាំទ្រសម្រាប់ភពផែនដី ដោយផ្តោតសំខាន់លើវិស័យបរិស្ថាន និងអាកាសធាតុ។
លោកប្រធានធនាគារ ADB បានគូសបញ្ជាក់បែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
សម្តេចធិបតី បានស្វាគមន៍ និងអបអរសារទរចំពោះការបើកដំណើរការជាផ្លូវការស្ថានតំណាងរបស់ធនាគារ ADB ប្រចាំកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណដល់ធនាគារ ADB ចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។
ទន្ទឹមនោះ សម្តេចធិបតី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីកែទម្រង់ជាច្រើន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ តាមរយៈកំណែទម្រង់លើវិស័យអប់រំ សុខាភិបាល ការកសាងមូលធនមនុស្ស និងវិស័យសំខាន់ៗមួយចំនួនទៀត។ ជាងនេះទៅទៀត សម្តេចធិបតី បានគូសបញ្ជាក់អំពីការជំរុញវិស័យឯកជន ដែលជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការដាក់ចេញនូវកម្មវិធីអភិវឌ្ឍន៍មូលធនមនុស្ស ដើម្បីកសាងនូវកម្លាំងពលកម្ម ប្រកបដោយគុណភាព និងសមត្ថភាព តាមរយៈការបណ្តុះបណ្តាល និងបច្ចេកវិទ្យាទំនើបផងដែរ។
សម្តេចធិបតី បានគូសរំលេចពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយសម្តេចធិបតី បានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយក្នុងការអភិវឌ្ឍន៍ថាមពលស្អាត ដោយបច្ចុប្បន្ននេះកម្ពុជាសម្រេចបាន នូវការប្រើប្រាស់ថាមពលស្អាតចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅ ជំរុញការប្រើប្រាស់ថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុងនូវការបង្កើតរោងចក្រដំណើរការ ដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍថាមពលកកើតឡើងវិញ៕