រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូ នៃសាធារណៈរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាល ខែឧសភា ឆ្នាំ២០២៤កន្លងទៅ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព បានធ្វើឡើង ដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមអូ យ៉ុងហ៊ុន អភិបាលទីក្រុងជេជូ(JeJu) នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ទំនាក់ទំនងការទូតនៃប្រទេសកម្ពុជា និងកូរ៉េ បានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេដែលគ្រោងនេះនឹងបើកការដ្ឋាននាពេលខាងមុខនេះ។ ជាមួយនឹងកិច្ចសហ ប្រតិ បត្តិការជាមួយកម្ពុជាជាច្រើនទៀត។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េបានបន្តនៅកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញជាច្រើនផងដែរ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានគូសបញ្ជាក់ដែរថា រាជធានីភ្នំពេញបានចងសម្ព័ន្ធមន្ត្រីភាពជាមួយនឹងទីក្រុងជេជូ ដើម្បីឱ្យទំនាក់ទំនងនៃទីក្រុងទាំងពីរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ពិសេសគឺការបន្តទំនាក់ទំនងកាន់តែល្អទៅ ក្មេងជំនាន់ក្រោយៗទៀត។ រាជធានីភ្នំពេញមានសុខសន្តិភាពពេញលេញ ទទួលបាននូវការជឿជាក់ពីអ្នកវិនិយោគទុន បានមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញយ៉ាងច្រើន។ រាជធានីភ្នំពេញក៏នៅតែបន្តទាក់ទាញអ្នកវិនិយោគ ឲ្យមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម អូ យ៉ុងហ៊ុន ក៏បានលើកឡើងដែរថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេច ហ៊ុន ម៉ាណែត ជាអ្នកកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសកូរ៉េនិងប្រទេសកម្ពុជា។ សម្ដេចធិបតីហ៊ុន ម៉ាណែត បានបង្កើតជាដៃគូយុទ្ធសាស្ត្រជាមួយនឹងប្រទេសកូរ៉េ ដោយនៅថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២៤ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េ បានជួបប្រជុំជាមួយសម្ដេចធិបតី ហ៊ុនម៉ាណែត។
ឯកឧត្តម បានបន្តថា តាមរយៈទំនាក់ទំនងនៃប្រទេសទាំងពីរ នឹងជំរុញលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពល ហើយនឹងអនុវត្តទៅតាមផែនការជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនងកាន់តែល្អ រវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ទីក្រុងជេជូ នៃសាធារណៈរដ្ឋកូរ៉េ មានប្រជាពលរដ្ឋត្រឹមតែ៧០ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែទីក្រុងមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា១៥លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ៕
អត្ថបទ៖ ពុទ្ធិកា