សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានចេញសារាចរ ស្តីពី ការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័ន ដើម្បីធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងចំណោមវិធានការពាក់ព័ន្ធមួយចំនួនដែលបានដាក់ចេញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ត្រូវពិនិត្យឡើងវិញ នូវរចនាសម្ព័ន្ធមានស្រាប់ដែលមិនឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីធ្វើការកែសម្រួល ឬច្របាច់បញ្ចូលគ្នា ឬលុបចោលតែម្តង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យ ក្រសួង ស្ថាប័នត្រូវពិនិត្យនិងរៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យបានរៀបរយ ដោយប្រើប្រាស់ឱ្យអស់នូវលទ្ធភាពនិងសក្តានុពល ក្នុងការកែលម្អការអនុវត្តមុខងារ ដែលជាសមត្ថកិច្ចរបស់ខ្លួន ការរៀបចំរចនាសម្ព័ន្ធឱ្យបានសមស្រប ក្នុងការគាំទ្រការអនុវត្តមុខងារ និងការរៀបចំរំហូរការងារក្នុងក្រសួង ស្ថាប័ន ព្រមទាំងការកំណត់ គណនេយ្យភាពនិងការទទួលខុសត្រូវច្បាស់លាស់ក្នុងការបំពេញការងារ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំចំពោះការរៀបចំនិងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន មិនត្រូវនាំឱ្យមានការបង្កើនចំនួនអង្គភាព ទោះក្នុងកម្រិតណាមួយក៏ដោយ ឬបន្ថែមទម្ងន់បែបបទនិងនីតិវិធីដែលមានស្រាប់នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ននោះឡើយ។ ដោយឡែកការបង្កើតអង្គភាពថ្មី ត្រូវផ្អែកលើហេតុផលច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារនិងឆ្លើយតបនឹង ការតម្រូវដែលមានក្នុងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការររៀបចំនិងកែសម្រួលរចនាសម្ព័ន្ធដែលមានស្រាប់របស់ក្រសួង ស្ថាប័ន សម្តេចធិបតី បានណែនាំមិនត្រូវធ្វើការដំឡើងកម្រិតឬឋានៈអង្គភាព ដែលជាហេតុនាំឱ្យមានការកើនរចនាសម្ព័ន្ធរបស់ ក្រសួង ស្ថាប័នឡើយ ។ការររៀបចំនិងកែសម្រួលរចនាសម្ព័ន្ធត្រូវអនុវត្តដើម្បីធានាឱ្យបាននូវការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សនិងថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ ពុទ្ធិកា