បណ្តុំសហជីពធំៗនៅកម្ពុជាបានចេញប្រតិកម្ម និងមិនពេញចិត្តយ៉ាងខ្លាំងចំពោះរបាយការណ៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដោយបានចាត់ទុកថា មានចរិតអុជអាល រើសអើង ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និងស្ថេរភាពការងារ តាមរោងចក្រ សហគ្រាសនានា។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បានចេញរបាយការណ៍មួយស្តីពីស្ថានភាពសេរីភាពរបស់សហជីពក្នុងប្រទេសកម្ពុជា ដែលបង្ហាញថា សហជីពឯករាជ្យកម្ពុជានៅតែប្រឈមឧបសគ្គរារាំង។ ពួកគេទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់ កម្មករនិយោជិត និងសហជីព។ របាយការណ៍នេះចេញផ្សាយ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានថ្លែងថា របាយការណ៍ដែលបានចេញផ្សាយកន្លងមក គឺមិនមែនជាការវាយប្រហារទៅលើស្ថាប័នពាក់ព័ន្ធទេ។ លោកថា របាយការណ៍នោះគឺផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពការងារ និងសិទ្ធិសេរីភាពផ្នែកសហជីព។
យ៉ាងណាក៏ដោយ មេដឹកនាំតាមបណ្តាសហជីពទាំងនោះ បានចេញវីដេអូ និងចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅកាន់សង់ត្រាល់ថា ជារបាយការណ៍ គ្មានមូលដ្ឋាន ដែលមិនអាចទទួលយកបាន ហើយវាយតម្លៃស្ថានភាពសហជីពនៅកម្ពុជាទាំងមូល។
បើតាមបណ្តុំសហជីពធំៗបានគូសបញ្ជាក់ថា យោងរបាយការណ៍របស់ក្រសួង បច្ចុប្បន្នចំនួនបញ្ចិកាសហជីពមូលដ្ឋាននៅកម្ពុជា មានការកើនឡើងពីជាង៣ពាន់នៅឆ្នាំ២០១៦ ដល់ជាង៦ពាន់នៅឆ្នាំ២០២៤ ចំពោះការកើនឡើងសហជីពនៅកម្ពុជាទ្វេដងក្នុងរយៈពេលដ៏ខ្លីនេះត្រូវបានគេមើលឃើញថា កម្ពុជាមានសេរីភាពសហជីពពេញលេញគ្មានការរើសអើងផ្ទុយស្រឡះពីរបាយការណ៍របស់សង់ត្រាល់៕
អត្ថបទ៖ អក្ខរា